ឧត្ដម​សេនីយ៍​ផ្កាយ​៣ ​ម៉ម ​ស៊្រីម​វណ្ណា ​និង​មន្ដ្រី​នគរបាល​ចរាចរ​គ្រោង​ជួប​គ្នា​នា​រសៀល​នេះ

104509

ក្រោយមានការប្រកាសតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធានការមួយចំនួនចំពោះរឿងរ៉ាវលោកឧត្ដមសេនីយ៍ឯក ម៉ម ស៊្រីមវណ្ណា និងមន្ដ្រីនគរបាលចរាចរផ្លូវគោកម្នាក់ ដែលមានភាពចំរ៉ូងចំរ៉ាស់ពេលអនុវត្តច្បាប់ចរាចរនោះ លោកឧត្ដមសេនីយ៍ឯក ម៉ម ស៊្រីមវណ្ណា និងមន្ដ្រីនគរបាលចរាចរផ្លូវគោក គ្រោងនឹងជួបគ្នាដោយផ្ទាល់នារសៀលថ្ងៃនេះ។

លោកឧត្ដមសេនីយ៍ឯក ម៉ម ស៊្រីមវណ្ណា ដែលជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងតាមទូរស័ព្ទជាមួយ BTV មុននេះបន្តិចថា លោកពិតជារីករាយណាស់ចំពោះវិធានការរបស់សម្ដេចតេជោ ដែលបានប្រោសប្រណីដល់គាត់ និងក្រុមគ្រួសារគាត់ ហើយលោកនឹងអនុវត្តតាមវិធានការនេះ ដោយលោកឧត្ដមសេនីយ៍ឯកបានបន្ថែមថា លោកសូមថ្លែងអំណរគុណសម្ដេចតេជោ និងដឹងគុណសម្ដេចមិនអាចបំភ្លេចបានចំពោះការត្រាប្រណីនេះ។

លោកឧត្ដមសេនីយ៍ឯកបានបន្ថែមឲ្យដឹងថា លោកចង់ជួបផ្ទាល់ជាមួយមន្រ្ដីនគរបាលចរាចរណ៍រាជធានី គឺលោក សូត្រ កញ្ញា ដើម្បីជួបរាប់អានគ្នាជំនួសជម្លោះកន្លងមក ។ លោកបញ្ជាក់ថា លោកចង់ជួបលោកអនុសេនីយ៍ សូត្រ កញ្ញា នារសៀលថ្ងៃទី៣០ មិថុនានេះ គឺកាន់តែឆាប់កាន់តែល្អ។

ទាក់ទិនការណាត់ជួយនេះលោក ចេវ ហាក់ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា ការណាត់ជួបនេះមិនទាន់មានពេលវេលា និងទីកន្លែងជាក់លាក់នៅឡើយទេ ខណៈនេះកំពុងពិភាក្សា។

កាលពីព្រឹកមិញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចកែតម្រូវ ដោយបន្ធូរបន្ថយវិធានការលើលោកឧត្ដមសេនីយ៍ឯក ម៉ម ស៊្រីមវណ្ណា តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា នាពេលខាងមុខប្រសិនលោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ស្គាល់កំហុស និងធ្វើការកែប្រែ ក្រសួងមហាផ្ទៃ អាចលើកសំណើតែងតាំងក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសំរាប់ការកែខ្លួន ក្នុងករណីមិនកែប្រែវិន័យនឹងមានបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចធ្វើការកែតម្រូវលើវិធានការចំពោះលោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ដែលមានខ្លឹមសារដើមដូចខាងក្រោម៖

 

១៖ អនុវត្តវិន័យចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ដោយដកតួនាទីពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែរក្សាទុកឋានន្តរស័ក្ដិជាឧត្តមសេនីយឯក នៃនគរបាលជាតិតទៅទៀត។ នាពេលខាងមុខប្រសិនលោក ម៉ម ស្រ៊ីមវណ្ណា ស្គាល់កំហុស និងធ្វើការកែប្រែ ក្រសួងមហាផ្ទៃ អាចលើកសំណើតែងតាំងក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសំរាប់ការកែខ្លួន ក្នុងករណីមិនកែប្រែវិន័យនឹងមានបន្តទៀត។

២៖ ស្នងការនគរបាលរាជធានីត្រូវអប់រំមន្ត្រីនគរបាល ដែលប្រើពាក្យសំដីមិនគប្បី ហើយប្រគល់ការងារឲ្យធ្វើឡើងវិញ។

៣៖ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិត្រូវធ្វើការអប់រំនគរបាលចរាចរណ៍ទូទាំងប្រទេសអំពីសីលធម៌ សុជីវធម៌ វិន័យ។ល។ ត្រូវសុភាពរាបសារតែម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់។

៤៖ ខ្ញុំនឹងមានការរីករាយប្រសិនលោកឧត្តមសេនីយ៍ និងលោកអនុសេនីយ៍បានជួបគ្នារាប់អានគ្នាជំនួសឱ្យជម្លោះកន្លងមក។

៥៖ អំពាវនាវបងប្អូនជនរួមជាតិគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចូលរួមផ្តល់មតិលើចំណុចខ្វះខាតចំពោះមន្ត្រីដែលអនុវត្តច្បាប់ប្រព្រឹត្តមិនគប្បីចំពោះប្រជាពលរដ្ឋ។

ខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះនឹងទទួលបានការគាំទ្រ។ ខ្ញុំសំរាកបានត្រឹម២ម៉ោងប៉ុណ្ណោះដោយសាររឿងមួយនេះ៕

គួរបញ្ជាក់ថា ករណីនេះបានកើតឡើងនៅភ្លើងស្តុប BS រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា