មន្ត្រី​ទួរគី​និយាយ​លំអិត​ពី​សកម្មភាព​​វាយប្រហារ​ និង​សកម្មភាព​​អ្នក​ប្រយុទ្ធ​​បរទេស​ចូល​រួម​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម

220

ទួរគី៖ ក្រុមមន្ត្រីទួរគីឲ្យដឹងថា ជនសង្ស័យវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាមនៅអាកាសយានដ្ឋាន Ataturk ក្នុងទីក្រុងអ៊ីស្ដង់ប៊ុលចេញមកពីប្រទេសរុស្ស៊ី, អ៊ូបេគីស្ថាន និងប្រទេសគូហ្គីស្ថាន និងមានមួយចំនួនទៀតត្រូវទាក់ទិនទៅនឹងការតាមចាប់ខ្លួន។

សេចក្តីរាយការណ៍បន្តថា ចាប់តាំងពីការកើតមានវាយប្រហារធ្វើឲ្យមនុស្ស ៤៣នាក់ស្លាប់ និងជាង ២៤០នាក់ផ្សេងទៀតរងរបួសនោះមក អាជ្ញាធរនៅក្នុងប្រទេសនេះក៏បានចាប់ខ្លួនជនសង្ស័យរាប់សិបនាក់ ដែលប្រឹងប្រែងឆ្លងកាត់ទីក្រុងអ៊ីស្ដង់ប៊ុល ដើម្បីគាំទ្រជួយដល់ជនបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រលានយន្តហោះ និងជួយដល់ក្រុមរដ្ឋអ៊ីស្លាម។ ប្រភពព័ត៌មានបន្តថា ការវាយប្រហារធ្វើឡើងដោយបុរស ៣នាក់បានបាញ់ប្រហារនៅក្រៅបរិវេណប្រលានយន្តហោះ ធ្វើឲ្យមនុស្សភ័យស្លន់ស្លោរត់ប្រសេចប្រសាច។ សេចក្តីរាយការណ៍បន្តថា ក្រុមអ្នកប្រយុទ្ធបរទេសរាប់ពាន់នាក់ ចេញមកពីប្រទេសជាច្រើនបានឆ្លងកាត់តាមទួរគី ដើម្បីចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរី៕

អត្ថបទ៖ រិទ្ធី