ប្រមុខ​ការទូត​កម្ពុជា​អះអាង​ថា ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ពុំ​ទាន់​យល់ដឹង​ច្បាស់​អំពី​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​

322

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្ដមប្រាក់ សុខុនបានលើក ឡើងថា ប្រជាជនកម្ពុជាភាគច្រើនពុំទាន់យល់ដឹងស៊ីជម្រៅអំពីកិច្ចប្រជុំ អាស៊ីអឺរ៉ុបហៅកាត់ (ASEM)ខណៈកិច្ចប្រជុំនេះបាននិងកំពុងធ្វើឲ្យទំនាក់ទំនងរវាងអាស៊ីនិងអឺរ៉ុបកាន់តែមានផលប្រយោជន៍ច្រើនលើគ្រប់វិស័យ។

ការលើកឡើងរបស់ប្រមុខការទូតរូបនេះគឺបានធ្វើឡើងនៅក្នុងកម្មវិធីសម្ដែងបាឋកថាស្ដីពីវឌ្ឍនភាពនៃកិច្ចប្រជុំអាស៊ីអឺរ៉ុប រយៈពេល២ទសវត្សរ៍ ដែលធ្វើនៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

ឯកឧត្ដមប្រាក់ សុខុន បានថ្លែងថាមានកង្វះខាតជាច្រើនទាក់ទងនឹង ASEM ជាក់ស្ដែងនៅក្នុងចំណោមប្រជាជនទូទៅជាពិសេសគឺនៅក្នុងប្រទេសកម្ពុជាតែម្តង ពុំទាន់យល់ដឹងឬក៏ដឹងលឺស៊ីជម្រៅអំពី ASEMនៅឡើយទេ។

ឯកឧត្ដមបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ខិតខំបន្ថែមទៀតដើម្បីផ្សព្វផ្សាយឲ្យមានការយល់ដឹងកាន់តែទូលំទូលាយតាមរយៈការចែករំលែកព័ត៌មានការបើកវគ្គបណ្តុះបណ្តាល ការរៀបចំវេទិកា និងកិច្ចសន្ទនាផ្សេងៗដើម្បីធ្វើ យ៉ាងឲ្យយល់ដឹងកាន់តែច្បាស់បន្ថែមទៀតទាក់ទងនឹង ASEMនេះ។

ASEM គឺជាវេទិកាអន្តររដ្ឋាភិបាលសម្រាប់ការសន្ទនាគ្នានិងកិច្ចសហប្រតិបត្តិការដែលជំរុញឱ្យមានកិច្ចសន្ទនានយោបាយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងជំរុញការសហការគ្នាក្នុងវិស័យដទៃទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក។ បច្ចុប្បន្ន ASEMមានសមាជិកប្រចំនួន៥៣ប្រទេស ក្នុងនោះមានប្រទេសអាស៊ីចំនួន២១ប្រទេសអឺរ៉ុបចំនួន៣០ប្រទេសបូកលេខាធិការដ្ឋានអាស៊ាននិងសហភាពអឺរ៉ុប។

បើតាមឯកឧត្ដមប្រាក់ សុខុនបានឲ្យដឹងទៀតថា តាំងពីបង្កើតមកបានរយៈពេលពីរទសវត្សរ៍មកនេះ ASEMសម្រេចបានដូចជាសេដ្ឋកិច្ចគ្រប់ដណ្ដប់ជាង៥ភាគរយនៃGDPសរុបនៃពិភពលោក និងជាង៦០ភាគរយពាណិជ្ជកម្មពិភពលោក ព្រមទាំងមានប្រជាជន៥៨ភាគរយនៃប្រជាជនសកលជាដើម។

ជាងនេះទៅទៀតឯកឧត្ដមប្រាក់ សុខុនបានបន្តទៀតថា ASEMបានរួមចំណែក ដល់ការពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសកលផងដែរ ដូចជាការធ្វើកំណែទម្រង់របស់អង្គការសហប្រជាជាតិ បញ្ហាអាវុធនុយក្លេអ៊ែរ ភេរវកម្ម លំហូរចំណាក់ស្រុក ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខអន្តរជាតិជាដើម៕