សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ទូត​អាល្លឺម៉ង់ ជំរាប​លា​

273

ភ្នំពេញ ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៤កក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ចាវ ជីម បារ៉ុន វ៉ុន ម៉ាសស៊ែល (Joachim Baron Von Marschall ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបជំរាបលា បន្ទាប់ពីបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។


ក្រោយជំនួបបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យអ្នកសារព័ត៌មានដឹងថា នៅក្នុងជំនួបនេះ លោក ម៉ាសហ្សែល បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ក៏ដូចជាសហការីទាំងអស់ ដែលបានគាំទ្រលោកនៅក្នុងពេលដែល លោកបំពេញបេសកកម្ម ការទូតនៅកម្ពុជា ដែលធ្វើឱ្យបេសកកម្ម របស់លោកទទួលបានជោគ ជ័យជាបន្តបន្ទាប់ ។ លោក មានប្រសាសន៍ដែរថា លោកក៏សូមគោរព ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងផ្តល់នូវ ការទទួលរាក់យ៉ាងស្និទ្ធស្នាល ជាទីបំផុត នូវរាល់មន្ត្រី ថ្នាក់ដឹកនាំ អាល្លឺម៉ង់ ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជា ។

លោក បានបន្ដទៀតថា នៅក្នុងបេសកកម្មការទូត របស់លោកមកកាន់កម្ពុជា គាត់មានចំណុច៣ដែល តែងតែដល់ក្នុងចិត្តរបស់លោក ដែលលោកតែងតែចងចាំ នោះទី១ គឺប្រទេសយើងទាំងពីរ កម្ពុជា និងអាល្លឺម៉ង់ បានឆ្លងកាត់ នូវការបង្រួបបង្រួម ជាតិដូចគ្នា ក្នុងពេលប្រហាក់ប្រហែលគ្នាដែរ ។ ទី២ ប្រទេសទាំងពីរ បានឆ្លងកាត់នូវសោកនាដកម្ម ពីអតីតកាល និងទី៣ ប្រទេសទាំងពីរគឺត្រូវយកចិត្តទុកដាក់ទៅលើយុវជន ជាពិសេសលើវិស័យអប់រំតែម្តង។

ជាការឆ្លើយតប សម្តេចតេជោ បានមានប្រសាសន៍ថា ជាការពិតណាស់ ប្រទេសយើងទាំង ពីរបានឆ្លងកាត់ប្រហាក់ប្រហែលគ្នា ប៉ុន្តែមានទម្រង់ខុសគ្នា ដោយកម្ពុជាត្រូវដោះស្រាយ រាល់បញ្ហាដែលបន្សល់ទុកពីអតីតកាល ហើយបញ្ហានោះ ត្រូវយកជីវិតមកប្តូរដើម្បីដោះស្រាយ ហើយការដោះស្រាយនោះសោត គឺត្រូវតែរក្សានូវអ្វី ដែលយើងបានដោះស្រាយរួចហើយនោះ។ សម្តេចក៏បានឯកភាពលើបញ្ហាការអភិវឌ្ឍធនធានមនុស្ស ដោយបានមានប្រសាសន៍ថា ទោះបីយើងមានគម្រោងការល្អយ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្សទេនោះ គឺយើងមិន អាចអនុវត្តផែនការដ៏ល្អនោះបានឡើយ ។

ក្នុងនេះដែរ សម្តេចក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ។ សម្តេចក៏បានថ្លែងអំណរគុណចំពោះលោក ម៉ាសស៊ែល ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញទំនាក់ទំនង រវាងប្រទេស ទាំងពីរឱ្យកាន់តែប្រសើរឡើង។ ជាទីបញ្ចប់ សម្តេចក៏ជូនពរ ឱ្យលោក ម៉ាស៊ែល ឱ្យទទួលជោគជ័យជាបន្តទៀត ក្នុងបេសកកម្មការទូតរបស់លោក។

នៅព្រឹកថ្ងៃដដែលនេះ ដែរ សម្តេចតេជោ ក៏បានអនុញ្ញាតឱ្យឯកឧត្តម Myint Soe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារផងដែរ។

ក្នុងជំនួបនោះ លោក Myint Soe បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថា មុនពេល មកកាន់ប្រទេស កម្ពុជា លោកបានធ្វើជាអនុប្រធានបេសកកម្មនៅក្រុងសឺណែវ ហើយបេសកកម្មរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺធ្វើយ៉ាង ណាពង្រឹង បន្ថែមទៀត ជាពសេសលើទំនាក់ទំនងមូលដ្ឋានដែលមានស្រាប់រវាងប្រទេសយើងទាំងពីរ  ។ លោក បានជំរាប ជូនសម្តេចតេជោ ហ៊ុន សែន ពីគោលនយោបាយរបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន ។

ជាឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះលោក Myint Soe ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ  ហើយក៏បានថ្លែងអំណរគុណចំពោះព័ត៌មានពាក់ព័ន្ធ នឹងគោលនយោបាល របស់ប្រទេសមីយ៉ាន់ម៉ា  និងអរគុណចំពោះការផ្តល់ជូននូវអាហារូបករណ៍ជូនដល់ព្រះសង្ឃកម្ពុជាក្នុងការបន្តការសិក្សានៅទីនោះ។

ដោយឡែកចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ សម្តេចតេជោ  បាន ឯកភាពជាមួយលោក Myint Soe ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានជាយូរណាស់មកហើយ និងមានប្រវត្តិវប្បធម៌ប្រហាក់ប្រហែលនឹងកម្ពុជាដែរ និងចុងបញ្ចប់សម្តេចបានជូនពរលោក Myint Soe អោយទទួលបនជោគជ័យក្នុងបេសកកម្មការទូតរបស់លោក៕