ការ​លក់​យឺត​បាន​ធ្វើ​ឲ្យ​គម្រោង​ខុន​ដូ​មួយ​ចំនួន​បាន​ពន្យារ​ពេល​សាងសង់​

1675

ភ្នំពេញ ៖ ការលក់យឺតនៃទីផ្សារខុនដូនៅទីក្រុងភ្នំពេញ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ និងការប្រកួតប្រជែងកើនឡើងបានធ្វើឲ្យគម្រោងខុនដូមួយចំនួនបានពន្យារពេលសាងសង់។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ទីផ្សារខុនដូ ប្រចាំឆមាសទី១ឆ្នាំនេះកាលពីម្សិលមិញថា ការលក់ខុនដូនៅកម្ពុជានៅឆ្នាំនេះមានភាពយឺតយ៉ាវជាងឆ្នាំមុន ដែលធ្វើឲ្យគម្រោងខុនដូចំនួនពីរបាននិងកំពុងពន្យារពេលសាងសង់ ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីគម្រោងដែលបានពន្យារពេលសាងសង់នោះទេ។លោកបន្តថា ទោះជាយ៉ាងណាទីផ្សារខុនដូនៅទីក្រុងភ្នំពេញ នឹងកើនឡើងវិញនៅរយៈពេល៥ឆ្នាំខាងមុខនេះ ដោយសារការរីកចំរើននៃសេដ្ឋកិច្ចកម្ពុជា។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCentury21 Cambodiaបានរកឃើញថា គិតត្រឹមឆមាសទី១ឆ្នាំនេះ ការប្រកាសលក់ខុនដូមុនគម្រោង មានចំនួនចំនួនរហូតដល់១៣៧៣០ឯកតា កើនឡើង៥២ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការផ្គត់ផ្គង់ខុនដូដ៏សម្បើមនេះ នឹងនាំទៅដល់ការផ្គត់ផ្គង់សរុបកើនឡើងដល់៣៧,៥៧០ឯកតានៅឆ្នាំ២០២០ខាងមុខ ដោយកើនរហូតដល់៥៦ភាគរយ ក្នុងមួយឆ្នាំគិតពីឆ្នាំ២០១៣ រហូតដល់ពេលបច្ចុប្បន្ននេះ។

ការសិក្សាដដែលបានឲ្យដឹងថា មកទល់ពេលនេះគម្រោងខុនដូដែលបានបញ្ចប់និងកំពុងដំណើរការ និងចាប់ផ្តើមសាងសង់មានសរុបទាំងអស់ចំនួន១១០គម្រោង ស្មើនឹង១៤៨អាគារ។ ក្នុងនោះខុនដូចំនួន២៤បានដាក់ឲ្យដំណើរការ ដែលមានចំនួន៥០១៤ឯកតាឬយូនីត ហើយនៅចុងឆ្នាំនេះនឹងមានគម្រោងមួយចំនួនទៀតបញ្ចប់ការសាងសង់ ដែលមានចំនួនប្រហែល៣៦២០យូនីត ដែលមួយភាគធំបានមកពីគម្រោងOlympia City

លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុនCentury21 Cambodiaបានទទួលស្គាល់ថា នៅពេលមានការសាងសង់ខុនដូច្រើន ក្នុងពេលការលក់ធ្លាក់ចុះបែបនេះអាចនឹងមានគម្រោងខុនដូមួយចំនួន នឹងពន្យារពេលសាងសង់ឬជាប់គាំងនាពេលអនាគត ប៉ុន្តែរហូតមកទល់ពេលនេះលោកមិនដឹងថា គម្រោងខុនដូណាមួយពន្យារពេលសាងសង់ឬជាប់គាំងនោះទេ។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICដែលបាននិងកំពុងវិនិយោគ គម្រោងOlympia Cityបានថ្លែងថា ការលក់ខុនដូក្នុងគម្រោងOlympia ឆ្នាំនេះពិតជាមានការធ្លាក់ចុះច្រើនគួរសមធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែដោយសារគម្រោងនេះស្ថិតនៅចំទីតាំងល្អ គម្រោងនេះនៅតែលក់បានជាបន្តបន្ទាប់ ដោយមិនមានអ្វី គួរឲ្យព្រួយបារម្ភនោះទេ។

លោកបន្តថា “អ្នកវិនិយោគខុនដូនាពេលបច្ចុប្បន្នភាគច្រើនពួកគេផ្ដោតលើជនបរទេស និងអ្នកមានប្រាក់ច្រើន ប៉ុន្តែពួកគេគួរតែកាត់បន្ថយប្រាក់ចំណេញខ្លះ និងផ្ដោតវិនិយោគលើខុនដូសម្រាប់អ្នកមានប្រាក់ចំណូលមធ្យមជាការប្រសើរ”។លោកបន្តថា “ការវិនិយោគលើខុនដូសម្រាប់អ្នកមានចំណូលមធ្យម ដែលជាអ្នកធ្វើការវ័យក្មេង ទើបរៀបការ អាចមានលទ្ឋភាពទិញបានជាការល្អប្រសើរនៅក្នុងទីផ្សារនេះ” ៕