ការ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក​នឹង​ធ្វើ​ឲ្យ​ការ​នាំ​ទំនិញ​ចេញពី​កម្ពុជា​កើន​ឡើង​

301

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃម្សិលមិញបានលើកឡើងថា ការអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យប្រសើរឡើងបន្ថែមទៀតក្នុងការនាំទំនិញចេញពីកម្ពុជា ខណៈដែលគិតមកដល់ពេលនេះ ការនាំទំនិញចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក មានចំនួនច្រើនជាងការនាំចូល។

ថ្លែងក្នុងសន្និសីទសារព័តមាន ស្ដីពីការពង្រីកកម្មវិធីជី.អេស.ភីរបស់សហរដ្ឋអាមេរិក ការលើកលែងពន្ធ ចំពោះកាបូបសម្រាប់ដាក់សម្ភារៈធ្វើដំណើរផលិតនៅកម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែកក្កដាម្សិលមិញនេះ ឯកឩត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយពីមានការស្នើសុំតវ៉ាទៅរដ្ឋាភិបាលអាមេរិក កាលពីខែតុលាឆ្នាំ២០១៥កន្លងមកជាលទ្ធផលដែលកម្ពុជាទទួលបានមកវិញ គឺចាប់ពីដើមខែកក្កដានេះតទៅ ផលិតផលប្រហែល៥ពាន់មុខ អាចនាំចេញទៅអាមេរិកបានដោយអនុគ្រោះពន្ធ។ ឯកឩត្តមរដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការនាំចេញទៅសហរដ្ឋអាមេរិក គឺមានការកើនឡើងរហូត ក្នុងនោះនៅឆ្នាំ២០១៣ មានទំហំទឹកប្រាក់២.៧ពាន់លានដុល្លារ អាមេរិកឆ្នាំ២០១៤មានទំហំទឹកប្រាក់២.៨ពាន់លានដុល្លារអាមេរិក, ឆ្នាំ ២០១៥ នាំចេញមានទំហំទឹកប្រាក់ចំនួន២.០២ពាន់លានដុល្លារអាមេរិក។

លោកឧកញ៉ា វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានលើកឡើងថា ការពង្រីកប្រព័ន្ធ អនុគ្រោះពន្ធទូទៅ មិនត្រឹមតែផ្ដល់ឲ្យកម្ពុជានូវលទ្ធភាពចូលទៅក្នុងទីផ្សារនាំចូលទំនិញទៅកាន់ទីផ្សារអាមេរិក ដែលមានតម្លៃដល់ទៅ១០ពាន់លានដុល្លារប៉ុណ្ណោះទេ តែថែមទាំងលើកទឹកចិត្ត ដល់ការអភិវឌ្ឍថែមទៀតក្នុងឧស្សាហកម្មវាយនភណ្ឌរបស់កម្ពុជា ទៅក្នុងផ្នែកថ្មីៗនៃផលិតកម្មសម្រាប់ធ្វើការចំណេញ។

ស្របគ្នានេះដែរ ឯកឩត្តម William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការប្រកាសរបស់ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក អាចបើកទីផ្សារមួយថ្មីទាំងស្រុងសម្រាប់ ក្រុមហ៊ុននាំចេញ និងអាចបង្កើតឲ្យមានការងាររាប់ពាន់សម្រាប់ប្រជាជនកម្ពុជា។ ឯកឩត្តមបន្តថា យើងលើកទឹកចិត្តឲ្យផលិតករកម្ពុជាទាញយកប្រយោជន៍ពីឱកាសថ្មីនេះ ដែលនឹងជួយបង្កើនការនាំមុខលើវិស័យជាមូលដ្ឋាន សេដ្ឋកិច្ចរបស់កម្ពុជា ជួយជំរុញកំណើនលូតលាស់សេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ៕