ពលរដ្ឋ​ក្នុង​រដ្ឋ​ល្វីសីណា​​ធ្វើ​បាតុកម្ម​តវ៉ា​​នឹង​ករណី​បាញ់​សម្លាប់​​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​​​

354

អាមេរិក៖ មន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ខ្លួននឹងស៊ើបអង្កេតករណីបាញ់សម្លាប់បុរសជនជាតិស្បែកខ្មៅម្នាក់គួរឲ្យសោកសង្រេង ដោយស្នាដៃមន្ត្រីនគរបាលសហរដ្ឋអាមេរិកស្បែកសរ ២នាក់ នៅក្រៅហាងលក់ទំនិញមួយកន្លែងនៅតំបន់បាតុនរូត ក្នុងរដ្ឋល្វីសីណាសហរដ្ឋអាមេរិកឲ្យបានច្បាស់លាស់ថែមទៀត។

ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅខាងក្រៅ ហាងលក់ទំនិញទ្រីផលអេសហ្វូត ដែលនៅទីកន្លែងមួយនេះជាកន្លែងកើតមាន ការបាញ់ប្រហារទៅលើបុរសស្បែកខ្មៅ ពួកគេបានលើកដៃ និងស្រែកថា ជនជាតិស្បែកខ្មៅកំពុងរស់នៅក្នុងបញ្ហា ហើយស្របពេលនេះដែរក៏មានការតវ៉ាធ្វើឡើង នៅតាមទីក្រុងមួយចំនួនផ្សេងទៀតដែរ ក្នុងអាមេរិកដូចជាទីក្រុង ហ្វឺហ្គូសុង, មីស៊ូរី និងទីក្រុងញូវយ៉ក។ ការដើរក្បួននេះក្នុងបំណងតវ៉ាប្រឆាំងកងនគរបាលអាមេរិកស្បែកសរ ប្រព្រឹត្តអំពើបាញ់ប្រហារលើបុរសស្បែកខ្មៅកូនកាត់អាហ្វ្រិក-អាមេរិក អាក់តុន សែលីង អាយុ ៣៧ឆ្នាំត្រូវគេបាញ់ចំនួន ៥គ្រាប់ ហើយនៅពេលដែលរូបគេត្រូវគ្រាប់ស្លាប់នោះ កងនគរបាលក៏បានយករបស់របរដែលមាននៅក្នុងហោប៉ៅខោគេទាំងអស់៕

អត្ថបទ៖ រិទ្ធី