Jose Mourinho នឹង​បញ្ចេញ​កីឡាករ​បួន​រូប​

705

បាល់ទាត់៖ បន្ទាប់ពីការមកដល់ក្លឹបបិសាចក្រហម Manchester United គ្រូបង្វឹក Jose Mourinho បាននាំយកកីឡាករថ្មីបីរូបរួចមកហើយ តែនៅពេលនេះគ្រូបង្វឹកសញ្ជាតិព័រទូហ្កាល់រូបនេះ នឹងបញ្ចេញកីឡាករបួនរូបទៅវិញក្នុងដំណើររុះរើ ដើម្បីពង្រឹងក្រុមឡើងវិញ។T18

បួនរូបដែលលោក Jose Mourinho ដាក់លក់ចេញក្នុងទីផ្សារដោះដូរកីឡាករនោះរួមមាន Juan Mata, Marcos Rojo, Daley Blind និង Bastian Schweinsteiger នេះបើតាមការចុះផ្សាយពីបណ្ដាញព័ត៌មានកីឡាករ Daily Record។ កីឡាករអេស្ប៉ាញដែលមិនជាប់ជាជម្រើសនៅ Euro 2016, Juan Mata ធ្លាប់ត្រូវបានលក់ចេញពី Chelsea មកកាន់ Manchester United ម្តងរួចមកហើយក្រោមការដឹកនាំរបស់ Mourinho នៅពេលនោះហើយជោគវាសនារបស់គេនៅ Old Trafford នេះទៀតសោតទំនងជាមិនខុសពីមុនឡើយ។ ក្រៅពី Mata កីឡាករអាហ្សង់ទីន Marcos Rojo ក៏ស្ថិតក្នុងបញ្ជីលក់ចេញដែរ ក្រោយផ្ទេរក្រោមការដឹកនាំរបស់ Louis van Gaal ផ្ទេរពី Sporting Lisbon ក្នុងតំលៃ 20លានអឺរ៉ូ។

Bastian Schweinsteiger ដែលផ្ទេរពី Bayern Munich មានរបួសញឹកញាប់ក៏នឹងត្រូវលក់ចេញផងដែរ បន្ទាប់ពីលោក Van Gaal នាំយកមករដូវកាលមុន។ ចំណែកឯ Daley Blind ដែលទិញពី Ajax 15លានផោនក៏ត្រូវបានគេរំពឹងថា មិនស្ថិតក្នុងជម្រើសរបស់លោក Mourinho ដែរ។ សូមបញ្ជាក់ដែរថា ចាប់តាំងពីការមកដល់របស់ Jose Mourinho, Manchester United មានកីឡាករថ្មីបីរូបហើយគឺខ្សែការពារ Eric Bailly ពី Villarreal, Zlatan Ibrahimovich ពី PSG និង Henrikh Mkhitaryan ពី Borussia Dortmund៕
អត្ថបទ៖នាង សុភាវុធ