សម្តេច​តេ​ជោ ហ៊ុន សែន ជួប​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិចិន​

215

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំណរគុណដល់ភាគីចិន ដែលបានផ្តល់បរិក្ខារខាងវិស័យសន្តិសុខ និងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា។

នេះគឺជាសេចក្តីរីករាយ និង អំណរគុណជាថ្មីម្តងទៀត របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ខណៈសម្តេចបានអនុញ្ញាតឱ្យ លោក ហ្គេង ហ៊ួយ ជាំង រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី ១២ ខែកក្កដានេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានអោយដឹងថា នៅក្នុងជំនួបនោះ លោក ជាំង បានជំរាបសម្តេចតេជោថា លោក បានជួបពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឯកឧត្តម សៅ សុខា និងឯកឧត្តម នេត្រ សាវឿន ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការស៊ើបការណ៍ ការផ្ទាល់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា។

លោក ជាំង បានបន្តទៀតថា ភាគីចិន នឹងជួយកម្ពុជា ដោយផ្តល់នូវគ្រឿងបរិក្ខារ បច្ចេកទេស សំរាប់វិស័យសន្តិសុខ ហើយចិនក៏នឹងជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សអំពីការប្រើប្រាស់គ្រឿងបរិក្ខារទាំងអស់នេះ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ និងគាំទ្ររាល់កិច្ចពិភាក្សាទាំងឡាយជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្តល់បរិក្ខារដល់កម្ពុជា និងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ដោយសារភាគីចិនមានសមត្ថភាព និងលទ្ធភាពជួយដល់កម្ពុជាលើវិស័យសន្តិសុខ៕