គ្រូ U-16​ កម្ពុជា​ថា កូនក្រុម​ខ្លួន​មាន​ចំណុច​ខ្វះ​ខាត​ត្រូវ​ដុះ​ខាត់​បន្ថែម​មុន​ជួប​ថៃ​

493

បាល់ទាត់៖ បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា យកឈ្នះក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំប្រ៊ុយណេកាលពីយប់មិញរួចមក លោក Inoue Kazunori គ្រូបង្វឹកក្រុមយុវជនកម្ពុជា បានលើកឡើងថា ថ្វីត្បិតកូនក្រុមខ្លួនព្យាយាមធ្វើបានល្អក្នុងការប្រកួត ២លើកន្លងមក ប៉ុន្តែពួកគេនៅមានចំណុចខ្វះខាតមួយចំនួនត្រូវដុះខាត់ឲ្យបានល្អ ដើម្បីត្រៀមការប្រកួតបន្ទាប់ពិសេស គឺជំនួបជាមួយក្រុមការពារតំណែងជើងឯកថៃតែម្ដង។

គួរបញ្ជាក់ថា កាលពីយប់មិញក្រុមយុវជនកម្ពុជាបានបង្ហាញទម្រង់លេងដ៏ល្អ និងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនាទៀតផង។ សម្រាប់ការប្រកួតតង់ទី១ កម្ពុជារកបាន ១គ្រាប់នៅនាទី៣៧ ដោយកីឡាករ ស៊ាន សុភ័ត្ត្រា ហើយយុវជនរូបនេះបានបន្ថែម ១គ្រាប់ទៀតនៅនាទី៧៦ ក្នុងតង់ទី១ ខណៈក្រុមយុវជនប្រ៊ុយណេគ្មានឱកាសទម្លាយសំណាញ់ទីរបស់យុវជនកម្ពុជាឡើយ ដោយសារទម្រង់ការពារបម្រើ និងវាយបកដ៏ល្អរបស់យុវជនកម្ពុជា។ ថ្លែងក្នុងសន្និសីទក្រោយបញ្ចប់ការប្រកួតលោក Inoue Kazunori បានលើកឡើងថា ឆ្លងកាត់ ២ប្រកួតកន្លងមកកីឡាករយុវជនកម្ពុជា ពិតជាសហការគ្នាលេងបានល្អ ហើយព្យាយាមរកគ្រាប់បាល់ច្រើន ប៉ុន្តែការព្យាយាមនោះភាគច្រើនគឺជួបរឿងបរាជ័យ ដូច្នេះលោកនឹងពង្រឹងបន្ថែមលើគុណភាពខ្សែប្រយុទ្ធ ដើម្បីត្រៀមទប់ទល់ជាមួយក្រុមខ្លាំងថៃនៅចុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា ឥលូវនេះក្រុមយុវជនកម្ពុជាបាននឹងកំពុងឈរកំពូលតារាងពូល B មាន ៦ពិន្ទុ បន្ទាប់ពីឆ្លងផុត ២ប្រកួតឈ្នះទាំងពីរលើក្រុមយុវជនឡាវ និងក្រុមយុវជនប្រ៊ុយណេ ប៉ុន្តែកម្ពុជានៅសល់ ២ប្រកួតទៀតដែលត្រូវឈ្នះមួយប្រកួតដាច់ខាត ដើម្បីមានសង្ឃឹមឡើងទៅវគ្គបន្ត ពោលគឺត្រូវជួបក្រុមការពារតំណែងជើងឯកថៃ នៅថ្ងៃទី១៧ ខែកក្កដា និងជួបក្រុមយុវជនទីម័រខាងកើតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ៕
អត្ថបទ លី ឈុនឡា