បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ពង្រឹង​ការ​ចុះ​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ដែល​គ្មាន​ប័ណ្ណ​បើកបរ​

348

ភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ បសស នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយនគរបាលចរាចរណ៍ ចាប់ផ្ដើមពង្រឹងការត្រួតពិនិត្យដល់អ្នកបើកបររថយន្តដឹកកម្មករ ដែលមិនទាន់មានប័ណ្ណបើកបរ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពេលដឹកកម្មករ កម្មការិនី នៅតាមដងផ្លូវ។

បេឡាជាតិរបបសន្តិសុខសង្គម ពង្រឹងការចុះត្រួតពិនិត្យអ្នកបើកបររថយន្តដឹកកម្មករដែលគ្មានប័ណ្ណបើកបរដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពេលធ្វើដំណើរនៅតាមដងផ្លូវ។

លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យនៃបេឡាជាតិរបបសន្តិសុខសង្គម បានបញ្ជាក់ដល់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៦កន្លងទៅនេះថា បេឡាជាតិរបបសន្តិសុខសង្គម សហការជាមួយ នគរបាលចរាចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងចាប់ផ្ដើមចុះពិនិត្យប័ណ្ណបើកបរលើអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ និងរៀបចំវគ្គបណ្ដុះបណ្ដាលផ្ទាល់នៅតាមរោងចក្រដល់អ្នកបើកបររថយន្តដឹកកម្មករ និងបង្រៀនអំពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍លើមធ្យោបាយដឹកជញ្ជូន សុវត្ថិភាព ធ្វើដំណើររបស់កម្មករ កម្មការិនី ពិសេសអ្នកបើកបរឡានដឹកកម្មករ ដើម្បីលើកកម្ពស់ការយល់ដឹងទាក់ទងនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវចំពោះអ្នកបើកបររថយន្តដឹកកម្មករ ដែលនៅមិនទាន់មានប័ណ្ណបើកបរត្រូវទៅចុះឈ្មោះចូលរៀនទ្រឹស្ដី និងទៅដាក់ពាក្យប្រឡងដើម្បីបានប័ណ្ណបើកបរ ពិសេសការទទួលខុសត្រូវរបស់អ្នកបើកបរ សម្រាប់ធានាសុវត្ថិភាពក្នុងពេលបើកបរដឹកកម្មករ បន្ទាប់ពីរថយន្តដឹកកម្មករនៅជួបគ្រោះថ្នាក់ផ្ទូនៗគ្នាជាបន្ដបន្ទាប់នៅដើមឆ្នាំ២០១៦ នេះ។

គិតរហូតមកដល់ពេលនេះ បេឡាជាតិរបបសន្តិសុខសង្គមសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្ដល់ប័ណ្ណបើកបរជូនដល់អ្នកបើកបររថយន្តដឹកកម្មករសរុបជាង១ពាន់ប័ណ្ណដែលមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង តំបន់សេដ្ឋកិច្ច ពិសេសខេត្ត ព្រះសីហនុ និងក្នុងរាជធានីភ្នំពេញ៕