កម្ពុជា​សម្ដែង​ការ​អបអរ​ចំពោះ​រដ្ឋាភិបាល​ទួរគី​បាន​បង្ក្រាប​ក្រុម​យោធា​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​

230

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ ឯកឧត្ដម ហោ ណាំហុង បានសម្ដែងនូវការអបអរសាទ ចំពោះរដ្ឋាភិបាល នៃប្រទេសទួរគី ដែលបានបង្ក្រាប ក្រុមយោធាធ្វើ រដ្ឋប្រហារប្រកបដោយជោគជ័យ ។

បន្ទាប់ពីជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកអគ្គរដ្ឋទូតទួរគីប្រចាំ នៅកម្ពុជា លោក Ilhan Tug នៅថ្ងៃទី១៨ ខែកក្កដា នាវិមានសន្តិភាព លោក ថៃ វណ្ណា ទីប្រឹក្សា លោក ហោ ណាំហុង បានឲ្យដឹងថា នៅក្នុងឱកាស នោះលោកទូតទួរគី បានជម្រាបព័ត៌មានយ៉ាងលម្អិត ដល់ឯកឧត្ដមឧបនាយរដ្ឋមន្ត្រី ពីបញ្ហាការធ្វើរដ្ឋប្រហាររបស់យោធា ក្បត់របស់ប្រទេសខ្លួន។លោកបានបន្តថា “បញ្ហាតួកគីនេះ មានរដ្ឋប្រហារមួយ ដែលបង្កឡើង ដោយអ្នកប៉ុនប៉ង ធ្វើរដ្ឋប្រហាររំលំ រដ្ឋាភិបាលតួកគីបច្ចុប្បន្ន ប៉ុន្តែរដ្ឋប្រហារនេះ មិនបានទទួល ជោគជ័យទេ ដោយសាររដ្ឋាភិបាល បានបង្ក្រាបទាន់ពេលវេលា” ។ តែយ៉ាងណាក៏ដោយឯកឧត្ដម ហោ ណាំហុង បានសម្ដែងការត្រេកអរនិងអបអរសាទរចំពោះការបង្ក្រាបដ៏ជោគជ័យរបស់រដ្ឋាភិបាលតួកគីនេះ។

លោក ថៃ វណ្ណាបានថ្លែងដោយស្រង់សម្ដីរបស់ លោក Ilhan Tugថារដ្ឋប្រហារនេះ គឺធ្វើឡើងដោយអង្គការ ហ្វេតូឡាស គូលេន ដែលកំពុងរស់នៅ ក្នុងប្រទេសអាមេរិក ហើយរដ្ឋាភិបាលតួកគីក៏បានស្នើអាមេរិកធ្វើបត្យាប័នលើលោក ហ្វេតូឡាសគូលេន មកប្រទេសតួកគីវិញផងដែរ ។

សូមរំលឹកថា ក្រោយការបរាជ័យ នៃការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ដោយយោធា រួចមកមានមនុស្ស ២៩០នាក់ត្រូវបានសម្លាប់ហើយនិងយោធារាប់រយនាក់ទៀតត្រូវបានធ្វើការឃាត់ខ្លួនផងដែរ៕