អូស្ត្រាលី​ត្រួតពិនិត្យ​បំណែក​អាច​ជា​របស់​យន្តហោះ MH 370​ ដែល​គេ​បាន​រក​ឃើញ​នៅ​ប្រទេស​តង់​ហ្សា​នី​

253

អូស្ត្រាលី៖ បំណែកយន្តហោះដែលបានរកឃើញនៅក្នុងប្រទេសតង់ហ្សានី ត្រូវបានត្រួតពិនិត្យដោយក្រុមមន្ត្រីមកពី មន្ទីរសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីដែលហៅកាត់ថា ATSB ដើម្បីកំណត់ថា តើវាជាបំណែកយន្តហោះធន់ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ឬយ៉ាងណា។

បំណែកដែលត្រូវបានរកឃើញកាលពីចុងខែមិថុនាកន្លងទៅត្រូវបានគេជឿងជាក់ថា ជាស្លាបយន្តហោះហើយបច្ចុប្បន្ន ATSB កំពុងធ្វើការជាមួយក្រុមស៊ើបសង្កេតម៉ាឡេស៊ី ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ថា តើវាជាបំណែករបស់យន្តហោះបាត់ខ្លួន MH370ឬយ៉ាងណា។ គួររំឭកថា យន្តហោះដែលបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន បានបាត់ខ្លួនកាលពីខែមិនាឆ្នាំ២០១៤ ជាមួយនឹងអ្នកដំណើរ និងក្រុមអាកាសយានិក ២៣៩នាក់ភ្លាមៗ ក្រោយពេលហោះចេញពីទីក្រុងកូឡាឡាំពួរ។ ក្រុមស៊ើបអង្កេតមានជំនឿថា នរណាម្នាក់អាចមានចេតនាបិទប្រព័ន្ធទាក់ទង មុនពេលយន្តហោះបង្វែរទិសដៅធ្វើដំណើររាប់ពាន់ម៉ៃល៍ ឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌា។ ប្រតិបត្តិការរុករកក្រោមបាតសមុទ្រកំពុងបន្តលើទំហំផ្ទៃទឹក ១២ម៉ឺនគីឡូម៉ែត្រក្រឡាភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា៕
អត្ថបទ៖ សារ៉ាត់