មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ផ្តាំ​ផ្ញើ​ឱ្យ​តំណាង​ស្ត្រី​អប់រំ​ស្ត្រី​ក្នុង​ខេត្ត បន្ទាយមានជ័យ​ទៅ​ចុះឈ្មោះ បោះឆ្នោត​

264

ភ្នំពេញ៖ ក្នុងបេសកកម្មមកកាន់ខេត្តបន្ទាយមានជ័យលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានលើកទឹកចិត្ត តំណាងស្ត្រីចូលរួមអប់រំស្ត្រីនៅក្នុងខេត្ត ឱ្យទៅចូលរួមចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ផ្តាំផ្ញើឱ្យតំណាងស្ត្រីអប់រំ ស្ត្រីក្នុងខេត្ត បន្ទាយមានជ័យទៅចុះឈ្មោះ បោះឆ្នោត។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន យ៉ាងដូច្នេះ ត្រូវបានធ្វើឡើង ខណៈជួបសំណេះសំណាលជាមួយតំណាងស្ត្រី មកពីអង្គភាពនានា នៅក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១កក្កដានេះ ។

លោកជំទាវ ម៉ែន សំអន ក៏ថ្លែងការសរសើរ ចំពោះការខិតខំរបស់ស្ត្រី ក៏ដូចជាមន្ត្រីរាជការ នៃស្ថាប័នរបស់ខេត្ត ទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក ហើយលោកជំទាវបានរម្លឹកប្រាប់ស្ត្រីនៅខេត្តបន្ទាយមានជ័យអំពី សង្គ្រាមបែកបាក់ពីអតីតកាល។

ប៉ុន្តែតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ បានធ្វើឱ្យប្រជាជាតិ ទទួលបានសុខសន្តិភាព យ៉ាងពេញលេញនៅទូទាំងប្រទេស ជាពិសេសជោគជ័យធំៗជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ សម្រេចបានជូនជាតិ និងប្រជាជន មានដូចជាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម សំណង់អគារតូច ធំនៅទីក្រុង ទីប្រជុំជន នានាទូទាំងប្រទេស ជាពិសេស សន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈដ៏ល្អ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី មែន សំអន បានផ្តាំផ្ញើដល់ស្ត្រីទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខ របស់ប្រជាជាតិ៕