និស្សិត​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ជាប់ពន្ធនាគារ​ដដែល ជា​រឿងរ៉ាវ​សំខាន់​ក្នុង​តុលាការ​ប្រចាំ​សប្ដាហ៍​នេះ​

299

ភ្នំពេញ ៖ និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ ត្រូវសាលាឧទ្ធរណ៍តម្កល់ទោស១ឆ្នាំ៦ខែ ដដែល គឺជារឿងរ៉ាវសំខាន់ក្នុងស្ថាប័នតុលាការប្រចាំសប្តាហ៍នេះ ។ ក្រៅពីនេះនៅមានរឿងរ៉ាវជាច្រើនទៀត ដូចជា តុលាការកំពុងមានចំណាត់ការលើបុរសម្នាក់ដែលប្រកាសធ្វើរដ្ឋប្រហារ ជាដើម ។

ខាងក្រោមនេះគឺជារឿងរ៉ាវសំខាន់ប្រចាំសប្ដាហ៍ ៖

ទី១ ៖ តាំងពីសវនាការសួរដេញដោល នៅសាលាដំបូងរាជធានីភ្នំពេញ និង នៅសាលាឧទ្ធរណ៍ និស្សិតឆ្នាំទី១ផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យខេមរៈ ពាក់ព័ន្ធរឿងប្រកាសធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គមហ្វេសប៊ុក បានសារភាពកំហុសក៏ដោយ តែសាលាឧទ្ធរណ៍នៅតែតម្កល់ទោសជាប់ពន្ធនាគារ១ឆ្នាំ៦ខែដដែល ។

ចៅក្រមសាលាឧទ្ធរណ៍ ទុកពេល១ខែឲ្យជនជាប់ចោទប្តឹងសាទុក្ខទៅតុលាការកំពូល ប្រសិនបើមិនសុខចិត្តនឹងការសម្រេចនេះ ។

សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ បានបើកសវនាការជំនុំជម្រះសំណុំរឿងនេះ ដោយមានជនជាប់ចោទឈ្មោះ គង់ រ៉ៃយ៉ា ។

ក្រោយចំណាយពេលជាច្រើនម៉ោងក្នុងការសួរដេញដោល លោក ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺជនជាប់ចោទត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

បន្ទាប់ពីស្តាប់ការប្រកាសសាលដីការួចភ្លាមៗ យុវជន គង់ រ៉ៃយ៉ា បានស្រែកថា ជាការសម្រេចមួយដែលអយុត្តិធម៌ ។

យុវជនរូបនេះឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ

ទី២៖សំណុំរឿងអតីតមន្ត្រីយោធានៅកងពលអន្តរាគមន៍លេខ៣ ប្រកាសធ្វើរដ្ឋប្រហារផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា បានធ្លាក់ដល់ដៃតុលាការហើយ ។ បច្ចុប្បន្ន តុលាការកំពុងចាត់ការសំណុំរឿងនេះ ។

នគរបាលនៃនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ចបានកសាងសំណុំរឿងនេះ បញ្ជូនទៅតុលាការរួចរាល់ហើយ កាលពីថ្ងៃទី២១ ខែកក្កដា ។ បើតាមនគរបាលដដែល សំណុំរឿងនេះកំពុងស្ថិតក្រោមចំណាត់ការរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ពាក់ព័ន្ធករណីនេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នលោកកំពុងចាត់ការសំណុំរឿងនេះ ដោយពុំទាន់ចេញដីកាអ្វីមួយនៅឡើយទេ ។

មន្ត្រីនគរបាល បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សោម សុវណ្ណារ៉ា ជាអតីតមន្ត្រីយោធា នៅកងពលអន្តរាគមន៍លេខ៣។

ប្រភពព័ត៌មានមួយ បានបញ្ជាក់ថា ឈ្មោះ សោម សុវណ្ណារ៉ា បានចាកចេញពីប្រទេសកម្ពុជា ចូលក្នុងទឹកដីប្រទេសថៃ បាត់ទៅហើយ ក្រោយចេញវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុក ។

ដើមចមនៃសំណុំរឿងនេះ គឺកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តាញសង្គមហ្វេសប៊ុក មានបុរសម្នាក់ បានអះអាងថា ខ្លួនស្ថិតនៅក្នុងអង្គភាពទិសនិរតី បានចេញមុខប្រកាស ជាសាធារណៈ ដោយអំពាវនាវឱ្យ កងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័ននានា ត្រៀមខ្លួនចូលរួម ផ្តួលរំលំរាជរដ្ឋាភិបាល នៅពេលដ៏ខ្លីខាងមុខនេះ ។

ពាក់ព័ន្ធករណីនេះ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា សមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញា និងអត្តសញ្ញាណក្រុមជន ដែលប្រកាសផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ បានអស់ហើយ ដើម្បីឈានទៅដល់ការចាប់ខ្លួន។ ក្រៅពីកំណត់មុខសញ្ញា សមត្ថកិច្ចក៏បានស្គាល់ទីតាំងលាក់ខ្លួន របស់ពួកគេផងដែរ ៕