ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​៤៧​គ្រួសារ​ នៅ​ស្រុក​ស្វាយចេក​ ទទួល​អំណោយ​កាកបាទក្រហម​

370

បន្ទាយមានជ័យ ៖ កាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បាក់រលំផ្ទះក្នុងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បានទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ខែកក្កដានេះ។

លោកជំទាវ ឆាន់ច័ន្ទ សោភា អនុប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានថ្លែងថាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលបានទទួលអំណោយនៅថ្ងៃនេះ មានចំនួនសរុប៤៧គ្រួសាររស់នៅក្នុងស្រុកស្វាយចេក ដោយទទួលបានមួយគ្រួសារអង្ករ៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មីត្រីខកំប៉ុង និងកៅស៊ូតង់។

លោកជំទាវបានថ្លែងថា បើទោះបីអំណោយទាំងនេះតិចតួចក្តីតែវាគឺជាការចែករំលែកក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នអំណោយទាំងនេះក៏អាចកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋបានមួយរយៈផងដែរ។

លោកជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីសន្តិភាពដើម្បីអភិវឌ្ឍន៍ បានដាស់តឿនដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលមានភ្លៀងធ្លាក់ដូចជា មិនត្រូវដើរលើភ្លឺស្រែ ឬកណ្តាលវាលនិងជ្រកក្រោមដើមឈើ។មិនត្រូវប្រើទូរស័ព្ទពេលមេឃភ្លៀងឬផ្គររន្ទះពោលគឺត្រូវអង្គុយឲ្យទាបឬឋិតនៅទីសុវត្ថិភាពដូចជា ជ្រកពួនក្រោមរោងឬផ្ទះជាដើម។លើសពីនេះ ត្រូវគេងក្នុងមុងព្រោះរដូវនេះមានមូសច្រើន។ បន្ថែមពីលើជំនួយកាកបាទក្រហម លោកជំទាវ បានថវិកាបន្ថែមពីរម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ។

លោកជំទាវ ក៏បានអំពាវនាវ ឲ្យប្រជាំពលរដ្ឋគ្រប់រូបទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ហើយអ្វីដែលត្រូវប្រុងប្រយ័ត្នបំផុតនោះ គឺគ្រោះថ្នាក់ចរាចរណ៍ព្រោះវាកាចសាហាវជាងជម្ងឺអេដស៍ទៅទៀត៕

Capturecv Capturedf Captureser Capturevb