មន្ត្រី​ប្រឆាំង​គ្រឿងញៀន​កម្ពុជា ជំរុញ​ឲ្យ​ប្រទេស​នៅ​អនុ​តំបន់​ទន្លេមេគង្គ​សហ​ប្រតិបត្តិការ​គ្នា​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​

230

ភ្នំពេញ៖ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានស្នើឲ្យស្នើបណ្តាប្រទេសជាសមាជិកមហាអនុតំបន់ទន្លេមេគង្គទាំង ៦ប្រទេសរួមសហប្រតិបតិ្តការគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមដងទន្លេមេគង្គឲ្យកាន់តែច្រើនថែមទៀត ខណៈនៅកម្ពុជាសកម្មភាពការបង្ក្រាបគ្រឿងញៀនមានការកើនឡើងតែបរិមាណគ្រឿងញៀនរឹបអូសពីជនល្មើសមានការថយចុះ។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាជំរុញឲ្យប្រទេសនៅអនុតំបន់ទន្លេមេគង្គសហប្រតិបតិ្តការគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន ខណៈដែលការបង្ក្រាបគ្រឿងញៀននៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់។

ក្នុងសន្និសីទ ស្តីពីអនុវត្តច្បាប់គ្រឿងញៀនមហាអនុតំបន់ទន្លេមេគង្គលើកទី២ ដែលធ្វើឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី២៦ ថ្ងៃទី២៧ ខែកក្តដា នៅខេត្តសៀមរាប ឯកឧត្តម នាយឧត្តមសេនីយ មាស វិរិទ្ធ ថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមត្ថកិច្ចកម្ពុជា បានចាត់វិធានការចុះបង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់ ខណៈការផលិតការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនទាំងនៅក្នុងតំបន់ និងសកលលោកនៅតែមានការកើនឡើង ជាពិសេសការចរាចរគ្រឿងញៀនឆ្លងកាត់តាមដងទន្លេមេគង្គ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានប្រាប់ពីគោលបំណងនៃសន្និសីទថា ដើម្បីពិភាក្សានិងត្រួតពិនិត្យលើឯកសារចំនួនពីរសម្រាប់អនុវត្តនៅក្នុងប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ រួមមាន១យន្តការអនុវត្តច្បាប់ត្រួតពិនិត្យគ្រឿងញៀនក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ២នីតិវិធីប្រតិបតិ្តការគំរូសម្រាប់ប្រតិបតិ្តការពហុវិស័យមហាអនុតំបន់ទន្លេមេគង្គ ស្តីពីឧក្រិដ្ឋកម្មគ្រឿងញៀនខុសច្បាប់ ដោយឯកឧត្តមបានលើកឡើងថា ការផលិតការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនទាំងនៅក្នុងតំបន់ និងសកលលោកនៅតែមានការកើនឡើង ជាពិសេសការចរាចរគ្រឿងញៀនឆ្លងកាត់តាមដងទន្លេមេគង្គ ដែលមានប្រភពពីតំបន់ត្រីកោណមាស នាំមកចែកចាយជូញដូរនិងប្រើប្រាស់នៅប្រទេសក្នុងតំបន់ និងនាំទៅកាន់ប្រទេសមួយចំនួនលើសកលលោក។

គួរបញ្ជាក់ថា សន្និសីទស្តីពីអនុវត្តច្បាប់គ្រឿងញៀនមហាអនុតំបន់ទន្លេមេគង្គលើកទី២ មានសមាសភាពចូលរួមមកពីប្រទេសតាមដងទន្លេមេគង្គចំនួន ០៦ រួមមាន កម្ពុជា ថៃឡាវ មីយ៉ាន់ម៉ា វៀតណាម ចិន និងមានការិយាល័យអង្គការសហប្រជាជាតិស្តីពី គ្រឿងញៀន និងឧក្រិដ្ឋកម្មUNODC ប្រចាំតំបន់អាស៊ីប៉ាស៊ីភិច និងតំណាងស្ថានទូតអូស្ត្រាលីជាប្រទេសផ្តល់ជំនួយ៕