ប្រទេស​ចិន រក្សា​ជំហរ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​

295

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា អះអាងថា សភា និងរដ្ឋាភិបាលបក្សកុម្មុយនិស្តចិន បានរក្សាជំហរបន្តជួយដល់ប្រទេសកម្ពុជា ដើម្បីឱ្យមានការអភិវឌ្ឍលើ គ្រប់វិស័យ។

ខណៈប្រតិភូរដ្ឋសភាកម្ពុជាទៅទស្សនកិច្ចនៅប្រទេសចិន ចាប់ថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដាដើម្បីរឹតចំណងមិត្តភាព និងទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទ្វេភាគីឲ្យកាន់តែឈានខ្ពស់ឡើងមួយកម្រិតទៀតនោះ សភា និងរដ្ឋាភិបាលចិន សន្យាបន្តគាំទ្រដល់កម្ពុជាឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្ដម ឈាង វុន សមាជិកប្រតិភូរួមដំណើរបានអះអាងដូចនេះ ក្នុងសន្និសីទសារព័ត៌មានបញ្ជាក់ ប្រាប់នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញបន្ទាប់ពីនិវត្តន៍មកដល់កម្ពុជានៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៦នេះ។

ឯកឧត្ដម ឈាង វុនបានអោយដឹងទៀតថា ថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសចិនមានអនុប្រធានាធិបតី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិនមួយចំនួនទៀតក្នុងជំនួបជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគាំទ្រគ្នាទៅវិញទៅមកចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្នុងក្របខ័ណ្ឌនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលនាំមកនូវឧត្តមប្រយោជន៍ទៅវិញទៅមក។

ឯកឧត្ដម ឈាង វុនបានលើកឡើងថា ឯកឧត្ដម ចាង តឺជាំង (Zhang Dejiang) ប្រធានសភាប្រជាជនចិនទូទាំងប្រទេសបានបញ្ជាក់ទៅកាន់សម្ដេចពញាចក្រី ហេង សំរិនថា ប្រទេសចិនបានជួយអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈរាជរដ្ឋាភិបាល ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ហើយឯកឧត្ដម ចាង តេជាំង បានជំរុញឲ្យស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរបន្តនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែប្រសើរឡើងថែមទៀតនិងបានសន្យាជួយសាងសង់អគាររដ្ឋបាលដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចំនួនមួយខ្នង ដែលមានកម្ពស់១២ជាន់ តបតាមសំណើរបស់ប្រធានរដ្ឋសភាកម្ពុជាផងដែរ។

យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន ក្នុងឆ្នាំ២០១៥ មានប្រមាណ៤.៤៣៦លានដុល្លារអាមេរិក ដោយក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់៦៦៦លានដុល្លារ ខណៈចិននាំចូលមកកាន់កម្ពុជាវិញរហូតដល់៣.៧៧០ដុល្លារ។ តាមការព្យាករណ៍ ការដោះដូរពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៦នេះ នឹងមានទឹកប្រាក់ ៤.០០០លានដុល្លារអាមេរិក ដែលជាតួលេខមួយខិតជិតដល់គោលដៅ៥.០០០លានដុល្លារនៅឆ្នាំ២០១៧៕