Novak Djokovic​ ដណ្ដើម​បាន​ជើងឯក Rogers Cup នៅ Toronto ក្រោយ​ឈ្នះ​លេខ​១​ជប៉ុន Kei Nishikori

206

តេន្នីស៖ កីឡាករលំដាប់ទី១ ពិភពលោកសញ្ជាតិសៀកប៊ី Novak Djokovic បានដាក់ការបរាជ័យដ៏ធ្ងន់ធ្ងររបស់ខ្លួននៅពីក្រោយខ្នង ហើយបានប្រឹងប្រែងខ្លាំងបំផុត ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ Rogers Cup ជួបជាមួយកីឡាករជប៉ុន Kei Nishikori នៅថ្ងៃអាទិត្យម្សិលម៉ិញដែលរៀបចំធ្វើឡើងនៅទីក្រុង Toronto រដ្ឋ Ontario ប្រទេសកាណាដា។
នេះជាព្រឹត្តិការណ៍ដំបូងដែល Djokovic ចាប់ផ្តើមលេងវិញក្រោយចាញ់កីឡាករអាមេរិក Sam Querrey នៅជុំទី៣ នៃ Grand Slam, Wimbledon កាល ៤សប្ដាហ៍កន្លងទៅ ហើយនៅពេលនេះគេក៏ធ្វើបានសម្រេចផងដែរក្នុងការក្លាយជាបុរសដំបូងគេនៃព្រឹត្តិការណ៍ Rogers Cup នេះដោយជាជើងឯក ៤ឆ្នាំជាប់ៗគ្នា។ Djokovic ឈ្នះ Kei Nishikori ក្នុងលទ្ធផល ២សិត០ ជាមួយពិន្ទុ6-3 នឹង 7-5 ដោយចំណាយពេល ១ម៉ោង នឹង ២៤នាទី។ ក្រោយទទួលបានជ័យជំនះហើយកីឡាករវ័យ ២៩ឆ្នាំ Djokovicបានថ្លែងថា អ្នកដឹងទេវាជាមោទនភាពណាស់ ដោយគេបានក្លាយជាជើងឯកនៅកាណាដានេះ ៤ឆ្នាំផ្ទួនៗគ្នា វាពិតជារីករាយនឹងរំភើបខ្លាំងណាស់ ហើយវាក៏បានធ្វើឲ្យគេបំភ្លេចការឈឺចាប់នៅ Wimbledon ផងដែរ។ គួរបញ្ជាក់ថានេះជាជ័យជំនះចុងក្រោយបំផុតពោលគឺជាជើងឯកលើកទី៣០ ហើយនៃក្របខណ្ឌ ATP World Tour Masters 1000 សម្រាប់បុរសសៀកប៊ីរូបនេះ ហើយគេក៏ជាបេក្ខភាពគ្រប់គ្រងជើងឯក Grand Slam 12 លើកផងដែរបូករួមទាំងការប្រកួតជើងឯក French Open នឹង Australian Open៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ