រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ថា​ការ​បង្កើត​អង្គភាព​រដ្ឋបាល ​អាច​ជួយ​រំលែក​ការងារ​បាន​២០%​នៅ​តាម​តុលាការ​

160

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លើកឡើងថាការបង្កើតអង្គភាពរដ្ឋបាលអាចជួយរំលែកការងារដំណើរការតុលាការបាន២០% ហើយថាបើការងារនោះមន្ត្រីតុលាការខ្វះការសហការគ្នាការងារនោះនឹងបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការដំណើរការទទួលព័ត៌មានរឿងក្ដីក្នុងតុលាការ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងថា ការបង្កើតអង្គភាពរដ្ឋបាលនៅតាមតុលាការនឹងជួយការងារប្រព័ន្ធយុត្តិធម៌ឲ្យកាន់តែងាយស្រួយ។

ឯកឧត្ដមអង្គវង្សវឌ្ឍា បានលើកឡើងដូចនេះនៅពិធីប្រកាសប្រគល់ត្រាជាផ្លូវការឲ្យទៅអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍កាលថ្ងៃទី១ខែសីហានៅសាលាប្រជុំសាលាឧទ្ធរណ៍។

ឯកឧត្ដមអង្គវង្សវឌ្ឍានាមានប្រសាសន៍ថាការបង្កើតរដ្ឋបាលនៅតាមតុលាការឲ្យមានរូបរាងច្បាស់លាស់នេះបានធ្វើឡើងបន្ទាប់ពីកន្លងមកស្ថាប័នតុលាការរងការរិះគន់ពីសាធារណៈច្រើនខណៈការងារតុលាការមានបែបបទច្រើនដែលគេមិនយល់ហើយដំណើរការបណ្ដឹងមួយៗរបស់ប្រជាពលរដ្ឋមានភាពយឺតយ៉ាវច្រើន។

ឯកឧត្ដមជូប៊ុនឡេងអគ្គព្រះរាជប្រធានសាលាឧទ្ធរណ៍មានប្រសាសន៍ថាតាមរយៈការបង្កើតឲ្យមានអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ និង នៅតាមតុលាការដទៃទៀតនឹងធ្វើឲ្យមានការកែប្រែពិសេសការគ្រប់គ្រងទិន្នន័យឯកសារសំណុំរឿងមានច្បាស់លាស់និងធានាបានការពន្លឿនសំណុំរឿងនីមួយៗ។

ឯកឧត្ដមផូវ សំភីអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលតុលាការថ្លែងថាការងាររដ្ឋបាលរបស់តុលាការគឺមានការងារសំខាន់បីដែលត្រូវធ្វើរួមមាន៖ការងាររដ្ឋបាលបុគ្គលិកនិងហិរញ្ញវត្ថុនិងមានមុខងារសំខាន់នានាដូចជាការគ្រប់គ្រងរដ្ឋបាលតុលាការសម្រាប់ជាជំនួយការងាររបស់តុលាការរាយការណ៍ពីបុគ្គលិករដ្ឋបាលនិងហិរញ្ញវត្ថុការងារទំនាក់ទំនងសាធារណៈនិងសម្របសម្រួលកាលវិភាគនិងការងារបញ្ជូនសាលដីកាសម្រេចក្ដីសម្រេចនានាជូនក្រសួងយុត្តិធម៌បានលឿនជាដើម៕