តុលាការ​កាត់​ទោស​ក្រុម​ចោរ​ប្លន់​បាញ់​សម្លាប់​កក្រើក​រាជធានី​ភ្នំពេញ​

591

ភ្នំពេញ ៖ ក្រុមចោរប្លន់ម៉ូតូបាញ់សម្លាប់កក្រើករាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោសកាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ។  ប៉ុន្តែ ក្រោយការសួរដេញដោល តុលាការ នឹងប្រកាសសាលក្រមនេះ នៅថ្ងៃទី១២ ខែសីហា ខាងមុខ ។

លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា ក្រុមជនជាប់ចោទ៥នាក់ក្នុងចំណោម៦នាក់ ត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ ទោស ដោយសារប្រព្រឹត្តអំពើហិង្សា និងដោយសារមរណភាព នៃជនរងគ្រោះ និងបទ កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅសង្កាត់បឹងកក់២  ខណ្ឌទួលគោក ដោយបានបាញ់សម្លាប់ជនរងគ្រោះសម្លាប់ ប្លន់យកម៉ូតូ តាមមាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៦០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

ក្រុមជនជាប់ចោទ ទី១. ឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង ភេទប្រុស អាយុ ២២ឆ្នាំ ទី២. ឈ្មោះ ប៉ែន ចំណាប់ ហៅពីន ភេទប្រុស អាយុ ១៨ឆ្នាំ ទី៣. ឈ្មោះ អ៊ឹម សុភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ ទី៤. ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី ភេទស្រី អាយុ ១៨ឆ្នាំ ទី៥. ឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ ២២ឆ្នាំ និងទី៦. ឈ្មោះ អេង អារីពីន ភេទប្រុស (បានរត់គេចខ្លួន)។

គួររំឭកថា  កាលពីម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិសាស្ត្រសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានករណីប្លន់ម៉ូតូម៉ាកហុងដា C125 សេរីឆ្នាំ២០១៥ ពណ៌ខ្មៅមួយគ្រឿង ដោយជនល្មើស បានបាញ់ត្រូវក្បាល ជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយយកម៉ូតូគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន ឈ្មោះ មោះ ប៉ែន ចំណាប់ ហៅអាពីន និងឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង និងឈានទៅតាមចាប់ខ្លួនបក្ខពួក មួយចំនួនទៀត នៅចំណុចភ្នំប្រសិទ្ធ ខណ្ឌព្រែកព្នៅ ដែលនៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច បានឃាត់ខ្លួនឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី និងឈ្មោះ ពេជ្រ សូណែត និងមានជនល្មើសឈ្មោះ លីម និងឈ្មោះ ម៊ី ត្រូវបានសមត្ថកិច្ចបាញ់ស្លាប់ នៅនឹងកន្លែង ដោយសារ តែពួកគេ បានបាញលតដៃសមត្ថកិច្ច។ ប្រតិបត្តិការណ៍នោះ សមត្ថកិច្ចបាន ដកហូតអាវុធខ្ចី ២ដើម ជាមួយគ្រាប់មួយចំនួន និងម៉ូតូចំនួន ៤គ្រឿង។ យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ជនល្មើស បានឆ្លើយថា ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ដោយប្រើអាវុធខ្លី មិនតិចជាង ៣០លើកទេ ៕