អគ្គស្នងការ​នគរបាល​ជាតិ​អះអាង​ថា​ ប្រជាពលរដ្ឋ​នៅតែ​រង​ការភ័យខ្លាច ​ករណី​ចោរប្លន់​

290

ភ្នំពេញ ៖ បើទោះបទល្មើសចោរលួចឆក់ប្លន់ប្រដាប់អាវុធបានធ្លាក់យ៉ាងណាក៏ដោយប៉ុន្តែអគ្គស្នងការនគរបាលជាតិ អះអាងថា ករណីចោរប្លន់នៅតែជាករណីដែលប្រជាពលរដ្ឋភ័យខ្លាចដដែល ។

អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យនគរបាលគ្រប់មូលដ្ឋានពង្រឹងសន្តិសុខការពារ ចោរកម្ម ជាពិសេសគឺចោរប្លន់ ដោយលើកឡើងថា ប្រជាពលរដ្ឋនៅតែភ័យខ្លាច។

នាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិ បានលើកឡើងដូចនេះក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ឆមាសទី១ លើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៦ នាថ្ងៃទី៥ ខែសីហា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្តមសេនីយ៍ នេត សាវឿន បន្តថាបណ្ដាស្នងការនគរបាលរាជធានីខេត្តត្រូវរៀបចំផែនការប្រុងប្រៀបការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានប្រកបដោយភាពទន់ភ្លន់និងម៉ឺងម៉ាត់ខណៈនៅថ្ងៃខាងមុខអាចនឹងមានជនឆក់ឱកាសបង្កបាតុភាពផ្សេងៗក្នុងឱកាសចលនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត។

របាយការណ៍អានដោយឧត្តមសេនីយ៍ឯកឆាយគឹមខឿនប្រធានសេនាធិការអគ្គស្នងការនគរបាលជាតិបញ្ជាក់ថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៦ ក្នុងចំណោមបទល្មើសដែលកើតឡើងជារួមជាង១៧០០លើកគឺក្រុមកងកម្លាំងនគរបាលមានលទ្ធភាពបង្ក្រាបបានប្រមាណ៨០% ដែលស្មើនឹង១០៦៧ករណីឃាត់ខ្លួនជនល្មើសបាន១៥៣៧នាក់ក្នុងនោះបទឧក្រិដ្ឋ៣៧៦នាក់បទមជ្ឈឹម១១៦១នាក់។

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៦ នៅទូទាំងប្រទេសគឺមានតែខេត្តចំនួន៥ ប៉ុណ្ណោះពុំមានបទល្មើសចោរប្លន់កើតឡើងខណៈមានខេត្តចំនួន១៥ផ្សេងទៀតមានបទល្មើសចោរប្លន់នោះកើនឡើងខ្លាំង។ក្នុងចំណោមខេត្តទាំង៥ដែលពុំមានបទល្មើសចោរប្លន់កើតមាននោះរួមាន៖ខេត្តកំពង់ឆ្នាំងកំពង់ធំមណ្ឌលគិរីកែបនិងខេត្តឧត្តរមានជ័យ៕