មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បញ្ជាក់​ថា​ ការសម្ពោធ​អគារ​មន្ទីរពេទ្យ​សូរិយា​បង្ហាញ​ជា​ថ្មីទៀត​ការ​រីកលូតលាស់ វិស័យ​សុខាភិបាល​

254

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យសូរិយា នៅថ្ងៃទី៨ខែសីហានេះ លើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់អគារមន្ទីរពេទ្យសូរិយានៅពេលនេះ ឆ្លុះ បញ្ចាំងថ្មីទៀត នៃការរីកលូតលាស់ វិស័យសុខាភិបាល។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លើកឡើងទៀតថា ការកើតមានមន្ទីរពេទ្យសូរិយាជាការចូលរួមរបស់វិស័យឯកជនមួយទៀតក្នុងវិស័យសុខាភិបាលជាមួយនឹងការរីកលូតលាស់នៃអគាមន្ទីរពេទ្យនៃការវិនិយោគពីឯកជនជាច្រើន។លោកជំទាវលើកឡើងថា ការកើតមានទាំងអស់នេះ ដោយសារកម្ពុជាមានស្ថិរភាព សន្តិភាពនិងការជឿទុកចិត្ត ពីអ្នកវិនិយោគនៅក្នុងស្រុកនិងមកពីក្រៅប្រទេស។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បន្តថាការវិនិយោគលើវិស័យសុខាភិបាលបង្ហាញពីការយកចិត្តទុកដាក់លើការផ្តល់សេវាថែទាំសុខភាពប្រជាជនកម្ពុជាដោយមានការជឿទុកចិត្តលើការផ្តល់សេវាជូនអ្នកជម្ងឺ។

លោកជំទាវឧបនាយករដ្ឋមន្ត្រីលើកឡើងថាកន្លងមកប្រជាជនកម្ពុជាបានធ្វើដំណើរទៅក្រៅប្រទេសដើម្បីព្យាបាលជម្ងឺដូចជាទៅប្រទេសសិង្ហបុរី វៀតណាមនិងថៃជាដើមតែសព្វថ្ងៃនេះដោយមានការរីកចំរើនរបស់វិស័យសុខាភិបាលទាំងអគារ ទាំងសំភារៈបំរើអោយការពិនិត្យនិងព្យាបាលជំងឺទំនើបៗព្រមទាំងគ្រូពេទ្យកាន់ពូកែក្នុងការពិនិត្យនិងព្យាបាលជំងឺបានធ្វើឲ្យប្រជាជនកម្ពុជាចាប់អារម្មណ៍ទៅទទួលការពិនិត្យនិងព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។

លោកជំទាវឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ក្រុមគ្រូពេទ្យរដ្ឋនិងឯកជនត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ខ្ពស់ និងមានសេចក្តីអាណិតស្រឡាញ់អ្នកជម្ងឺដែលមកទទួលសេវាព្យាបាលជម្ងឺ ដែលជាការលើកកម្លាំងចិត្តដល់អ្នកជម្ងឺ។

សូមបញ្ជាក់ថា មន្ទីរពេទ្យសូរិយា បានរៀបចំបន្ទប់សង្គ្រោះបន្ទាន់បន្ទប់ពិគ្រោះជម្ងឺ បន្ទប់ព្យាបាល បន្ទប់ត្រៀមសម្រាប់សំរាល (សម្រាលធម្មតានិងសម្រាលក្នុងអាងទឹក)បន្ទប់វះកាត់ បន្ទប់តាមដានក្រោយវៈកាត់ បន្ទប់សំរាកព្យាបាល៕