គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​គ្រោង​នឹង​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅ​ហ្វឹកហាត់​នៅ​កូរ៉េ និង​វៀតណាម​

245

ប៉ារ៉ាឡាំពិក៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគ្រោង នឹងបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់នៅកូរ៉េ និងវៀតណាម ដើម្បីពង្រឹងគុណភាព និងសមត្ថភាពដល់កីឡាករកីឡាការិនីជនពិការ ក៏ដូចជាគ្រូបង្វឹកអោយមានសមត្ថភាពពេញលេញ ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះការប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅក្នុងឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ ក៏ដូចជាការត្រៀមខ្លួនសម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគ្រោង និងបញ្ជូនអត្តពលិករបស់ខ្លួនទៅធ្វើការហ្វឹកហាត់នៅប្រទេសចំនួន២ គឺប្រទេសកូរ៉េខាងត្បូង និងប្រទេសវៀតណាម។
នេះបើតាមការអះអាងរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាថ្លែងអោយដឹងកាលពីពេលថ្មីៗនេះ។ អគ្គលេខាធិការរូបនេះបានបញ្ជាក់ទៀតថា គម្រោងដែលគ្រោង និងបញ្ជូនកីឡាករកីឡាការិនីជនពិការ ក៏ដូចជាគ្រូបង្វឹក និងអ្នកឯកទេសវាយតម្លៃពិការភាពទៅហ្វឹកហាត់នៅប្រទេសកូរ៉េនេះ យ៉ាងហោចណាស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ធ្វើការស្នើសុំភាគីកូរ៉េចាប់ពី ៥ទៅ ១០នាក់។ ឯរីការបញ្ជូនទៅប្រទេសវៀតណាមវិញ មិនទាន់បញ្ជាក់បាននូវការបរិច្ឆេទនោះទេ ដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កំពុងរៀបចំគម្រោងស្នើសុំទៅភាគីប្រទេសវៀតណាម។ ឯកឧត្តម យី វាសនា បន្ថែមទៀតថា សម្រាប់ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់ នៅប្រទេសវៀតណាមនោះគឺគ្រោងនិងបញ្ជូនវិញ្ញាសាចំនួន ៣ ហែលទឹក, អត្តពលកម្ម និងកីឡាលើកទម្ងន់៕