ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​៖ ការ​កសាង​ថ្ងៃនេះ​គឺជា​គ្រឹះ​សម្រាប់​ថ្ងៃ​អនាគត​ ហើយ​ការ ​ការពារ​ជាតិ​មិនមែន​សម្រាប់​តែ​ថ្ងៃនេះ​ទេ គឺ​ត្រូវ​ធ្វើ​ជាប្រចាំ

361

កំពត ៖ នៅមុខនាយទាហាន ជាច្រើននាក់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាការកសាងថ្ងៃនេះគឺជាគ្រឹះសម្រាប់ថ្ងៃអនាគត ហើយការការពារជាតិមិនមែនសម្រាប់តែថ្ងៃនេះទេ គឺត្រូវធ្វើជាប្រចាំ។ ប្រសាសន៍របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯកបានធ្វើឡើងក្នុងគ្រាដែលលោកអញ្ជើញចុះត្រួតពិនិត្យ និងជួបសំណេះសំណាល សួរសុខទុក្ខនិងនាំមកយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតទៅផ្ដល់ជូននាយទាហាន នាយទាហានរង ពលទាហាននៅសាលាហ្វឹកហ្វឺនកងពលតូចលេខ៧០ តំបន់ជុំគីរី ខេត្តកំពត ។

ឯកឧត្ដម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបានកោតសរសើរ កងពលថ្មើរជើងលេខ៧០ ក្នុងការបំពេញការងារកសាងនិងទទួលបានសមិទ្ធផលជាច្រើន មិនមែនតែកងពលលេខ៧០នោះទេ ថែមទាំងសម្រាប់ហ្វឹកហ្វឺនអង្គភាពផ្សេង និងសម្រាប់ជាតិទាំងមូល ។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅបាន មានប្រសាសន៍កុំឲ្យកងទ័ពជឿលើការបំផុស ដែលនាំឲ្យប្រទេសចលាចលដូចប្រទេសដទៃ តែត្រូវរួមគ្នាគោរពរដ្ឋធម្មនុញ្ញ គោរពរាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងស្មោះត្រង់ដាច់ខាត។

សូមជម្រាបថា កម្ពុជាបានប្រែក្លាយអតីតសមរភូមិក្ដៅស្រុកជុំគីរីនិងស្រុកឈូកខេត្តកំពត ជាតំបន់អភិវឌ្ឍន៍និងជាតំបន់ហ្វឹកហ្វឺន ប្រយុទ្ធសម្រាប់កងកម្លាំងយោធា ។ អតីតតំបន់សមរភូមិក្ដៅគគុកជុំគិរីក្នុងខេត្តកំពត នាពេលនេះត្រូវគេឃើញថាបានប្រែក្លាយទៅជាតំបន់កំពុងអភិវឌ្ឍន៍ សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យយោធា និងហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ ផ្លូវ និងការជួយផ្ដល់ទឹកស្អាតដល់ប្រជាពលរដ្ឋថែមទៀត ។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ ក៏ដូចជាមេបញ្ជាការរង និងនាយទាហានក្នុង កងពលទាំងអស់ បានប្ដេជ្ញា គោរពដឹងគុណ សម្ដែងនូវកតញ្ញូ ភក្ដីភាពការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលតែងតែ គិតគូរពីសុខទុក្ខរបស់កងទ័ពតាមរយៈការផ្ដល់គ្រឿងឧបភោគបរិភោគ បរិក្ខារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

សូមបញ្ជាក់ថានៅថ្ងៃទី០៨ ខែសីហា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាង សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមដំណើរដោយ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និង លោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានអញ្ជើញចុះត្រួតពិនិត្យ និងជួបសំណេះសំណាល សួរសុខទុក្ខជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅសាលាហ្វឹកហ្វឺនកងពលតូចលេខ៧០ តំបន់ជុំគីរី ខេត្តកំពត៕

photo_2016-08-10_10-20-11 photo_2016-08-10_10-20-23 photo_2016-08-10_10-20-28 photo_2016-08-10_10-20-20 photo_2016-08-10_10-20-26