សហភាព​អឺរ៉ុប​ពិភាក្សា​ផ្តល់​ជំនួយ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

390

ភ្នំពេញ៖ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជាគ្រោងនឹងផ្តល់ជំនួយសហប្រតិបត្តិការអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាក្នុងការពង្រឹងវិស័យកម្មជលផល និង បសុសត្វ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចនៅកម្ពុជា។

សហភាពអឺរ៉ុប គ្រោងនឹងបន្តផ្តល់ជំនួយសហប្រតិបត្តិការអន្តរជាតិទ្វេភាគីដើម្បីពង្រឹងនិងលើកកំពស់ក្នុងវិស័យ កសិកម្ម ជលផល និង បសុសត្វ ក្នុងប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម George Edgar ឲ្យដឹងដូចនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៩ ខែសីហា។

សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអោយដឹងថា សហភាពអឺរ៉ុប បានផ្តល់ជំនួយប្រចាំឆ្នាំប្រមាណ ៤៥ លានដុល្លារដល់ដំណើរនៃការអភិវឌ្ឍន៍វិស័យកសិកម្ម ជលផល និង បសុសត្វ ក្នុងប្រទេសកម្ពុជាហើយជំនួយទាំងអស់នេះគឺជាជំនួយឥតសំណង។

ជំនួយសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីរបស់សហភាពអឺរ៉ុបផ្តល់មកប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣ មានចំនួន ១៩១ លានយូរ៉ូ។ ជំនួយទាំងអស់នេះ ផ្តោតសំខាន់លើ កសិកម្ម អប់រំ អភិបាលកិច្ច និងសិទ្ធិមនុស្ស សិទ្ធិកុមារ ប្រព័ន្ធយុត្តិធម៌សាលាក្តីខ្មែរក្រហម និង លើកកំពស់ពាណិជ្ជកម្ម និងអភិបាលកិច្ចមូលដ្ឋាន។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុបបានផ្តល់ជំនួយដល់អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុវត្ថិភាពចំនីអាហារ វគ្គបណ្តុះបណ្តាល ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។

បើតាមសហភាពអឺរ៉ុបបានអោយដឹងថា នាពេលបច្ចុប្បន្ននេះមានគម្រោង៧០ដែលជាជំនួយរបស់ សហភាពអឺរ៉ុបកំពុងដំណើរការនៅ២៣ រាជធានីខេត្តក្រុង ក្នុងប្រទេសកម្ពុជា ដែលមានទឹកប្រាក់សរុប ៦២លានអឺរ៉ូ ស្មើនឹង ៨៣ លានដុល្លារ៕