ប្រធាន​មន្ទីរ​សង្គមកិច្ច​ ខេត្តបន្ទាយមានជ័យ​ថា ​ជនពិ​ការ​ត្រូវ​បាន​យកចិត្តទុកដាក់​

268

បន្ទាយមានជ័យ ៖ ជនពិការប្រមាណជិត១៥០នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែសីហា ម្សិលម៉ិញ និង ថ្ងៃនេះ ត្រូវបានផ្តល់ជូននូវដៃសិប្បនិម្មិត ដោយអង្គការឡូតារីក្លិបអូស្ត្រាលី ដើម្បីជួយសម្រួល និង ផ្តល់ភាពងាយស្រួលដល់ពួកគេ ។

លោក ឃុន វិទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតី សម្បទា ខេត្តបន្ទាយមានជ័យបានថ្លែងថា ជនពិការត្រូវបានយកចិត្តទុកដាក់ ព្រោះថាការងារពិការភាព គឺជាកិច្ចការងារពហុវិស័យដែលទាមទារឲ្យយកចិត្តទុកដាក់ដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ។

លោកប្រធានមន្ទីរបានថ្លែងយ៉ាងនេះ កាលពីថ្ងៃទី១០ ខែសីហា ម្សិលម៉ិញ ក្នុងពិធីប្រគល់ដៃសិប្បនិម្មិតជូនជនពិការ ប្រមាណជិត៥០នាក់ ឧបត្ថម្ភដោយអង្គការ ឡូតារីក្លិបអូស្ត្រាលី ។ ហើយនៅថ្ងៃទី១១ ខែសីហា នេះ អង្គការនេះ ក៏នឹងផ្តល់ដៃសិប្បនិម្មិតដល់ជន ពិការប្រមាណ១០០នាក់បន្ថែមទៀត ។

លោកប្រធានមន្ទីរ បានឲ្យដឹងថា ផ្អែកលើការធ្វើជំរឿនប្រជាសាស្ត្រក្នុងឆ្នាំ២០០៨ បានបង្ហាញថា ជនពិការសរុបក្នុងខេត្តបន្ទាយមានជ័យ គឺ មានចំនួនជាងមួយម៉ឺនពីរពាន់នាក់ដែលមានពិការដោយសារសង្គ្រាម ពិការភ្នែកពិការគរថ្លង់ពិការអវយវៈ និង ពិការសតិមិនប្រក្រតីជាដើម ។

លោកស្រី សាលី ឆែលតុន អង្គការឡូតារីក្លិបអូស្ត្រាលី បានថ្លែងថា ការផ្តល់ដៃសិប្បនិម្មិតដល់ជនពិការ ខេត្តបន្ទាយមានជ័យនៅពេលនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការជួយស្តារនីតិសម្បទា ក៏ដូចជីវភាពជនពិការ ។ អង្គការឡូតារីក្លិបអូស្ត្រាលីក្នុងនាមជាដៃគូអភិវឌ្ឍន៍ បានខិតខំស្វែងរកមូលនិធិមកឧបត្ថម្ភគាំទ្រចំពោះស្ថានភាពជីវភាពនិងសិទ្ធិជនពិការទាំងពេលកន្លងមកនិងអនាគត។

លោកស្រី បានបញ្ជាក់ថា បញ្ហាពិការជាបន្ទុកដ៏ធំមួយជាអន្តរជាតិ ហេតុនេះ គេចាំបាច់ត្រូវរកគ្រប់លទ្ធភាព និងមធ្យោបាយដើម្បីជួយពួកគេតាមដែលអាចធ្វើទៅបាន។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត បានថ្លែងកោតសរសើរចំពោះ មន្ទីរសង្គមកិច្ចខេត្ត មូលនិធិជនពិការខេត្ត រួមទាំងអង្គការឡូតារីក្លិបអូស្ត្រាលីដែលតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពជនពិការ និងបានរៀបចំនូវកម្មវិធីផ្តល់ដៃសិប្បនិម្មិតជូនជនពិការនេះឡើងក្នុងការជួយសម្រួល និងផ្តល់ភាពងាយស្រួលដល់ពួកគេ៕