ប្រធាន​គ​.​ជ​.​អ​.​ប ទទូច​ឲ្យ​ក្រសួង​សាធារណការ​ ផ្ទេរ​មុខងារ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ទាំងស្រុង​ឲ្យ​ថ្នាក់ក្រោម​ជាតិ​

277

ភ្នំពេញ ៖ ខណៈដែលយានយន្តពីមួយឆ្នាំទៅមួយឆ្នាំ កំពុងមានកំណើនជាបន្តបន្ទាប់នោះ នៅថ្ងៃនេះ ប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ...ប បានទទូចឲ្យរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំការផ្ទេរមុខងារ និងធនធានទាំងស្រុងលើការងារធ្វើស្លាកលេខម៉ូតូទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ...ប មានប្រសាសន៍ថា ការសុំឲ្យរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាត់ការងារផ្ដល់ស្លាកលេខម៉ូតូ ចុះបញ្ជីម៉ូតូ ទៅរដ្ឋបាលថ្នាក់រាជធានីខេត្តតែម្ដង ខណៈកន្លងមកការងារនេះ ពិសេសនៅកិច្ចប្រជុំគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចតែងតែរំលឹក សុំឲ្យផ្ទេរឲ្យបានលឿន ប៉ុន្តែការងារក្រសួងសាធារណការហាក់ដូចមិនធ្វើតែម្ដង។

ប្រសាសន៍សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកទី១២ របស់គណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ...ប នៅទីស្ដីក្រសួងមហាផ្ទៃ ថ្ងៃទី១១ ខែសីហានេះ ។

បច្ចុប្បន្នកម្ពុជា ការប្រើប្រាស់ម៉ូតូសម្រាប់ធ្វើដំណើរនៅទូទាំងប្រទេសមានកំណើនប្រមាណពី៦ទៅ៧លានគ្រឿង។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា ក្នុងកំណើនការប្រើប្រាស់ដ៏ច្រើនបែបនេះ ក្រសួងសាធារណការមិនត្រូវឱបក្រសោបទុកមិនផ្ទេរមុខងារនៅទៅឲ្យថ្នាក់ខេត្តនោះទេ ហើយថា សម្រាប់ម៉ូតូគឺត្រូវផ្ទេរការងារនោះ តែរថយន្តឡានផ្សេងៗគឺអាចមិនផ្ទេរក៏បាន។

សម្រាប់ការងារធ្វើស្លាកលេខម៉ូតូម៉ូតូនោះ កន្លងមកការងារនោះគឺត្រូវគេមើលឃើញថា ការងារចុះបញ្ជីធ្វើស្លាកលេខនោះជាក់ស្ដែងគឺបានកំពុងធ្វើនៅថ្នាក់ខេត្តពិតមែន ប៉ុន្តែរាល់លិខិតស្នាមការធ្វើស្លាកលេខនោះ គឺកំពុងបានរត់ការបញ្ជូនទៅថ្នាក់ជាតិដដែល ដែលបញ្ហានេះមួយចំនួនធំហាក់មានការយឺតយ៉ាវចេញស្លាកលេខម៉ូតូនោះ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាន៍ថា សម្រាប់ការងារផ្ទេរមុខងារ យើងមិនរងចាំសុំគោលការណ៍ពីរាជរដ្ឋាភិបាលនោះទេ តែយើងត្រូវហ៊ានអារកាត់ដោយខ្លួនឯង ហើយភាពយឺតយ៉ាវនៃការផ្ទេរមុខ ងារអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺធ្វើឲ្យរាំងស្ទះដល់ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍រដ្ឋបាលថ្នាក់ក្រោមជាតិ។

គួរបញ្ជាក់ថា ក្នុងចំណោមក្រសួងស្ថាប័នចំនួន១៩ មានក្រសួងប្រមាណ៥បានកំពុងសាកល្បងផ្ទេរ មុខងារ និងធ្វើប្រតិភូកម្មទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះក្រសួងសកម្មរូមមាន៖ ក្រសួងបរិស្ថាន ក្រសួងអប់រំយុវជន និងកីឡា ៕