ក្រសួង​សេដ្ឋកិច្ច​ដាក់​ ក្រសួង ស្ថាប័ន​ចំនួន​១៥​ទៀត​ ចូលក្នុង​កម្មវិធី​កែទម្រង់​ថវិកា​ថ្មី​

659

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា នៅឆ្នាំ២០១៦នេះ ក្រសួងនឹងដាក់ក្រសួង ស្ថាប័នចំនួន១៥ទៀត ចូលក្នុងកម្មវិធីកំណែទម្រង់ថវិកាថ្មី ក្នុងកម្មវិធីកំណែទម្រង់ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងក្នុង កិច្ចប្រជុំជាមួយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតនិងជាប្រធានប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះថា ការងារកែទម្រង់ប្រព័ន្ធថវិកាថ្មី គឺការអនុវត្តថវិកាកម្មវិធីនោះ រដ្ឋាភិបាលបានសម្រេច ដាក់ឲ្យក្រសួង ស្ថាប័ន អនុវត្តថវិកាកម្មវិធីពេញលេញជាដំណាក់កាលៗ ក្នុងនោះមានក្រសួង ស្ថាប័នចំនួន១០បានអនុវត្តនៅឆ្នាំ២០១៥ និងក្រសួងស្ថាប័នចំនួន១៥ទៀតបានអនុវត្តនៅឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ខាងមុខនេះ នឹងមានក្រសួង ស្ថាប័នចំនួន១១នឹងត្រូដាក់ឲ្យអនុវត្ត និងក្រសួង ស្ថាប័នចំនួន៣ក៏ត្រូវអនុវត្តនៅឆ្នាំ២០១៨បន្ថែម។

ទន្ទឹមនឹងនេះក្រសួង បានសម្រេចកែសម្រួលសៀវភៅ “ទស្សនាទានស្តីពីទិសដៅយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា២០១៣-២០២០” ទៅជា “ផែនការយុទ្ធ-សាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជាឆ្នាំ២០១៧-២០២៥”។

ឯកឧត្តម បន្តថា កិច្ចលទ្ធកម្មសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តិបន្ថែម ដើម្បីពង្រឹងដំណើរការ និងតម្លាភាពនៃកិច្ចលទ្ធកម្មសាធារណៈ។ ជាពិសេស អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានផ្សព្វផ្សាយផែនការលទ្ធកម្មសាធារណៈគ្រប់ក្រសួង ស្ថាប័ន និងការប្រគល់កិច្ចសន្យានៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានផ្ទាល់។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់នូវវឌ្ឍនភាពសំខាន់ៗ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយន្តការសម្រាប់ត្រួតពិនិត្យនិងតាមដានការអនុវត្តមួយចំនួនដល់សមភាគីបានដឹងផងដែរ ដូចជា អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលទ្ធផលជាច្រើនដោយបានកែប្រែពីស្ថានភាពឱនភាពសាច់ ទៅជាអតិរេកសាច់ប្រាក់ ការលុបបំបាត់បំណុលកកស្ទះការដាក់ឲ្យមន្ត្រីរាជការបានបើកប្រាក់បៀវត្សទាន់ពេលវេលា  និងបានដំឡើងបៀវត្សជូនមន្ត្រីរាជការឲ្យបានច្រើនជាង១លានរៀលនៅឆ្នាំ២០១៨ខាងមុខទៀតផង៕