អគ្គនាយកដ្ឋាន​ពន្ធដារ​ពង្រឹង​ការអនុវត្ត​កាតព្វកិច្ច​ពន្ធចំពោះ​សហគ្រាស ​

394

ភ្នំពេញ ៖ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ ពន្ធ ធំរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៥ ខែសីហា នេះបានពង្រឹងការអនុវត្តកាតព្វកិច្ចពន្ធចំពោះសហគ្រាសដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំដែលមានអ្នកចូលរួមប្រមាណ ២០០នាក់។

លោក ស្រ៊ុន អង្គរ៉េន អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថា ការចូលរួមរបស់នាយកនិងតំណាងសហគ្រាសនានានៅក្នុងសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ដែលបានបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ខ្លួនក្នុងការគោរពប្រតិបត្តិច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារកម្ពុជា។

លោក បានបន្តទៀតថា គោលបំណងសំខាន់របស់សិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយថែមទៀត និងឲ្យមានការជ្រួតជ្រាបបានច្បាស់ដល់គ្រប់មជ្ឈដ្ឋានអ្នកជាប់ពន្ធទាំងអស់បានស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតសំដៅធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធមានការគោរពឲ្យបានខ្ជាប់ខ្ជួននូវការអនុវត្តច្បាប់ស្តីពីសារពើពន្ធនិងចៀសវាងបាននូវកំហុស ឆ្គងដោយប្រការណាមួយដែល អាចនាំទៅដល់ការទទួលរងនូវការផាកពិន័យនិងទោសទណ្ឌផ្សេងៗពីសំណាក់រដ្ឋបាលសារពើពន្ធ។

លោក បានអះអាងថា ការរៀបចំឡើងនេះគឺមានដ៏សារៈសំខាន់មួយថ្មីទៀតនៅក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធហើយអ្នកចូលរួមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗមួយចំនួនបន្ថែមទៀតស្តីពីពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំយន្តការនៃការអនុវត្តអាករលើតម្លៃបន្ថែមជាពិសេសគឺគំរូនៃការប្រើប្រាស់វិក្កយបត្រ សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។

លោក ស្រ៊ុន អង្គរ៉េន ក្នុងនាមអគ្គនាយកដ្ឋានពន្ធដារបានសម្ដែងនូវសុទិដ្ឋិនិយមថា ធុរកិច្ចទាំងអស់នឹងចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តច្បាប់ឲ្យកាន់តែមានតម្លាភាពប្រសិទ្ធភាពភាពខ្ពស់ថែមទៀតជាក់ជាមិនខាន៕