ក្រុម​បម្រុង​ទឹកប្រាក់​ជាង​៣០០០​លាន​ដុល្លារ​ ដើម្បី​ធ្វើ​ឲ្យ​អាគារ​ខ្ពស់​ជាងគេ​នៅ​ក្រុងភ្នំពេញ​ដំណើរការ

405

ភ្នំពេញ ៖ ខណៈការសាងសង់អាគារខ្ពស់ជាងគេនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ី កាន់តែខិតជិតមកដល់ ក្រុមហ៊ុនវិនិយោគគម្រោងនេះ បានបម្រុងទុកប្រាក់ ជាង៣០០០លាន ដុល្លារបន្ថែមទៀត ដើម្បី ឲ្យអាគារនេះ ដំណើរការក្រោយពេលសាងសង់ចប់។

លោកសាស្ត្រាចារ្យ ទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៥ សីហានេះថា ការសាងសង់ មជ្ឈមណ្ឌល ពាណិជ្ជកម្មថៃ ប៊ុនរ៉ុង គ្រោងបោះទុនប្រមាណ២១០០លានដុល្លារ លើតម្លៃសំណង់ និងគ្រោងបោះទុនជាង ៣០០០លានដុល្លារបន្ថែមទៀត ដើម្បីឲ្យអាគារនេះ ដំណើរការដោយរសរវើក។

លោក បន្តថា ការសាងសង់អាគារភ្លោះកប់ពពកនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ខាងមុខនេះ ដែលវានឹងក្លាយជានិម្មិតរូបនៃភាពរុងរឿងរបស់ កម្ពុជា ហើយក្រុមហ៊ុនវិនិយោគលើអាគារនេះមិនគិតពីប្រាក់ចំណេញនោះទេ តែក៏ជាការផ្តល់នូវការរួម ចំណែក លើកស្ទួយកិត្យានុភាពដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក បន្តថា “ក្រុមហ៊ុននេះ នឹងវិនិយោគរបៀបផ្សារទំនើប AEON MALL គឺក្រុមហ៊ុនមានអតិថិជនក្នុងដៃស្រាប់ មិនមែនពេលសាងសង់ចប់ ទើបស្វែងរកអ្នកចូលមកលក់ដូចផ្សារមួយចំនួននៅទីក្រុងភ្នំពេញនោះទេ”។លោក បន្តថា “ការសាងសង់អាគារនេះ មិនត្រឹមតែគិតពីសោភ័ណភាពនោះទេ ប៉ុន្តែក្រុមហ៊ុនបានគិតជាចម្បងដល់សុវត្ថិភាពអ្នករស់នៅ ហេតុនេះ ទើបក្រុមហ៊ុនបានចាប់ដៃគូជាមួយ ក្រុមហ៊ុនលេខ១ មកពីប្រទេសចិន និងសហការជាមួយអ្នកជំនាញល្បីៗមកពីអង់គ្លេស សហរដ្ឋអាមេរិកជាដើម”។

អ្នកនាង អាន សុធីតានាយិកាក្រុមហ៊ុនCBRE Cambodia បានថ្លែងថា ប្រសិនជាធៀបទំហំអាគារនេះ ជាមួយ នឹងសេដ្ឋកិច្ច វាហាក់ធំពេកសម្រាប់ប្រទេសកម្ពុជា ព្រោះការសាងសង់អាគារចប់ មិនមែនអាចនិយាយថាជោគជ័យទេ។ភាពជោគជ័យរបស់អាគារនេះ អាស្រ័យលើកម្រិតនៃការប្រើប្រាស់ ប្រសិនជាអាគារនេះអាចប្រើប្រាស់បានលើសពី៥០ភាគរយ គឺអាចទទួលយកបានហើយ ប៉ុន្តែប្រសិនជាអាគារនេះប្រើប្រាស់បានកម្រិតទាបជាងនេះ វានឹងអាចប៉ះពាល់ដល់មុខមាត់របស់កម្ពុជាផងដែរ។

អ្នកនាង បន្តថា “ផ្ទុយទៅវិញប្រសិនជាអ្នកវិនិយោគគំរោងនេះ មានទឹកប្រាក់ច្រើនបែបនេះ ដើម្បីធ្វើឲ្យអាគារនេះដំណើរការជារឿងល្អ បើសិនជាអ្នកវិនិយោគផ្តល់កម្ចី ឬលើកទឹកចិត្តណាមួយដល់អ្នកវិនិយោគលើគំរោងនេះ”។អ្នកនាង បន្ថែមថា “រហូតមកទល់ពេលនេះ អ្នកនាងមិនអាចនិយាយអ្វីលំអិតបាននោះទេ ព្រោះអ្នកនាងមិនទាន់មានព័ត៌មានលំអិតពីគំរោងនេះ នៅឡើយ”។

លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងថា កាលណានិយាយពីការប្រកួតប្រជែង អ្នកណាធំជាងគេគឺអស្ចារ្យហើយ ដូចអ្នកវិនិយោគគំរោងនេះ គឺគាត់ចង់កសាងកេរ្ត៍ឈ្មោះរបស់គាត់ ដូច្នេះ ពេលមានទីតាំងល្អ ហើយគាត់មានលទ្ធ ភាពសាងសង់បាន នោះជាការប្រសើរណាស់ ព្រោះអាគារនេះខ្ពស់ជាងគេនៅអាស៊ី វាមិនមែនសម្រាប់តែមុខមាត់របស់ក្រុមហ៊ុននោះទេ តែជាមោទនភាពរបស់យើងទាំងអស់គ្នាផងដែរ។

លោក បន្តថា “ពេលនិយាយទំហំរបស់អាគារនេះ គឺនិយាយពីទីផ្សាររបស់អាស៊ាន ដែលមានមនុស្សជាង៦០០លាននាក់ មិនមែនជាទីផ្សារសម្រាប់មនុស្ស១៥លាននាក់ ដូចពីមុននោះទេ”។លោក បន្តថា “អាគារពាណិជ្ជកម្មថៃ ប៊ុនរ៉ុងដែលនឹងលេចឡើងនាពេលខាងមុខនេះ វាជាក្រេឌីត និងជាមោទនភាពរបស់កម្ពុជាដែលយើងមានអាគារកំពស់១៣៣ជាន់បង្អួតគេផងដែរ”៕