លោក ​កឹម ​សុខា ​អាច​ជាប់ពន្ធនាគារ​ ប្រសិនបើ​មិន​ហ៊ាន​ចាក​ចេញទៅ​ក្រៅប្រទេស

275

ភ្នំពេញ ៖ លោក កឹម សុខា តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រឈមមុខ នឹងការចាប់ឃុំខ្លួនដាក់ពន្ធនាគារ ប្រសិនបើមិនគោរពកាតព្វកិច្ចដែលកំណត់ដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ សរសេរនៅព្រឹកថ្ងៃទី១៦ ខែសីហា នេះ ថា ” គណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង នឹងប្រារព្ធពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅប្រទេសបារាំង ក្រោមអធិបតីភាពលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះ ជាតិ  នាថ្ងៃសៅរ៍ទី ២៧ ខែសីហា ឆ្នាំ ២០១៦ នៅអាសយដ្ឋាន ៖ Hôtel Explorers, 50 avenue de la Fosse des Pressoirs, 77700 Magny le Hongre ចាប់ពីម៉ោង ០២:០០ រសៀល ដល់ម៉ោង ០៦:០០ ល្ងាច ” ។

លោក កឹម សុខា បច្ចុប្បន្នកំពុង ជាប់ចោទពីបទ ” បដិសេធក្នុងការចូលខ្លួន ” ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង បន្ទាប់ពីរូបលោកខកខានចំនួនពីរលើកក្នុងការចូលបំភ្លឺ ក្នុងនាមជាសាក្សី ករណីសញ្ចារកម្ម ។

លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ខែកក្កដា កន្លងទៅ បានសម្រេចដាក់ជនត្រូវចោទឈ្មោះ កឹម សុខា អាយុ៦៣ឆ្នាំ  ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ពីបទ ” បដិសេធក្នុងការចូលខ្លួន ” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ។

ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈអនុវត្តឲ្យបានសម្រេចនូវកាតព្វកិច្ចមិនឲ្យលោក កឹម សុខា ចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងករណីលោក កឹម សុខា មិនអនុវត្តសេចក្ដីសម្រេចនេះ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ អាចសម្រេចឃុំខ្លួនលោក កឹម សុខា ជាបណ្ដោះអាសន្នបាន តាមមាត្រា២៣០នៃក្រមនីតិវិធីព្រហ្មទណ្ឌ ៕