គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៦​ខែ​សីហា​កើតឡើង​៩​លើក​ស្លាប់​២​នាក់​របួសធ្ងន់​១៣​នាក់

193

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក ( យប់ ៧លើក ) បណ្តាលអោយមនុស្សស្លាប់ ២នាក់ ( ស្រី ២នាក់ ) រងរបួសធ្ងន់ ១៣នាក់ ( ស្រី ៣នាក់  )  និងរបួសស្រាល ( គ្មាន )

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៧គ្រឿង រួមមាន ម៉ូតូ ចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ៧គ្រឿង និងគោយន្ត ចំនួន ២គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក  ( ស្លាប់ ១នាក់ ) , ប្រជែងគ្រោះថ្នាក់ ២លើក ( ស្លាប់ ១នាក់ ) , មិនគោរពសិទ្ធិ ១លើក និងមិនប្រកាន់ស្តាំ ១លើក  ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់  ( យប់ ៦នាក់ )

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន  ផ្លូវជាតិ ចំនួន ៧លើក  និងផ្លូវខេត្តក្រុង ចំនួន ២លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក និងរថយន្តធុនតូច ៦លើក ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ចាម ២លើក  ស្លាប់ ១នាក់   របួស ១នាក់ និងខេត្តបន្ទាយមានជ័យ ១លើក ស្លាប់ ១នាក់ របួស ២នាក់  ។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦លទ្ធិផល ត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣៨២៨គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ១៦៧០គ្រឿង និងពិន័យសរុបចំនួន ២១៥៨ គ្រឿង ៕