មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​ កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ធានា​មិន​ឲ្យ​មាន​បដិវត្ត​ពណ៌​នៅ​កម្ពុជា​ឡើយ

254

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ជៀង អំ បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធានាមិនឲ្យមានបដិវត្តពណ៌នៅកម្ពុជានោះឡើយ ហើយមិនតែប៉ុណ្ណោះកងទ័ពត្រូវតែបង្កើនអត្តចរិកស្មោះត្រង់ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់។

ការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍យ៉ាងដូច្នេះគឺបានធ្វើឡើង ក្នុងឱកាសបិទវគ្គបំប៉នមុខវិជ្ជាឋានលេខានិងការងារសេនាធិការផែនទី ដល់នាយទាហានលើកទី១៩ឆ្នាំ២០១៦ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះនៅក្រសួងការពារជាតិកម្ពុជា ដែលមានសិក្ខាកាមប្រមាណជិតមួយរយនាក់ចូលរួម។

នាយឧត្តមសេនីយ៍បានលើកឡើងថា កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មសំដៅការពារឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សានិងពង្រឹងសន្តិភាព ស្ថេរភាព សណ្ដាប់ធ្នាប់សង្គម និងអភិវឌ្ឍន៍ ប្រទេសជាតិ ពង្រឹងខឿនការពារជាតិនៅតាមព្រំដែន និងបណ្ដាកោះមួយចំនួននិង ធ្វើការតាមដានក្ដាប់នូវរាល់សភាពការណ៍ប្រែប្រួលជាដើម។

តែយ៉ាងណាក្តីនាយឧត្តមសេនីយ៍បានលើកឡើងទៀតថា«កងប្រដាប់អាវុធ ត្រូវធានាមិនឲ្យមានបដិវត្តពណ៌នៅកម្ពុជានោះឡើយ ហើយកងទ័ពត្រូវបង្កើនសមត្ថភាពវិន័យ សីលធម៌ អត្តចរិកស្មោះត្រង់ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្រប់ច្បាប់ ព្រមទាំងអនុវត្តយុទ្ធសាស្ត្របីសកម្មភាព១០នៃវិវេច្ចនាយុទ្ធសាស្ត្រការពារជាតិ និងគោរពសេចក្ដីកំណត់ផ្សេងៗរបស់រាជរដ្ឋាភិបាលឲ្យបានដាច់ខាត់»

នាយឧត្តមសេនីយ៍បានលើកឡើងទៀតថា នាពេលបច្ចុប្បន្ននេះប្រទេសជាតិកម្ពុជាកំពុងមានការអភិវឌ្ឍន៍លួតលាស់លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចប្រកបដោយចេរភាព ថ្វីបើរយៈពេលចុងក្រោយនេះមានបញ្ហាខ្លះដែលបង្កឡើងដោយជនអគតិមួយ ចំនួន ដែលមានលក្ខណៈបម្រើឲ្យនយោបាយប៉ុន្តែវាមិនបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសបណ្តាប់ធ្នាប់សង្គមនោះឡើយ។

ថ្លែងនៅក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍ ជៀង អំ ក៏បានជំរុញឲ្យសិក្ខាកាម ទាំងអស់ខិតខំបង្កើនជំនាញរបស់ខ្លួនបន្ថែមទៀតផងដែរ ជាពិសេសមុខវិជ្ជាផែនទី ដែលខ្លួនបានធ្វើការទទួលបណ្ដុះបណ្ដាលនាពេលកន្លងមកនេះ ហើយសិក្ខាកាមត្រូវក្ដាប់ឲ្យបានពីសារៈសំខាន់ភូមិសាស្ត្រយោធា និងឥទ្ធិពលសកម្មភាពរបស់កងទ័ពផងដែរ៕