ករណី​បាញ់​សម្លាប់​ជនជាតិ​កូរ៉េ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ ខ្មាន់កាំភ្លើង​ ប្រឈម​ជាប់​គុក​មួយ​ជីវិត​

344

កណ្តាល ៖ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ជនជាតិកូរ៉េនៅស្រុកកណ្តាលស្ទឹង  ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារកាលពីរសៀលថ្ងៃទី១៧ ខែសីហា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

មន្ត្រីតុលាការ បញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានលោក ឯក សុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ហើយលោក ផូង វណ្ណ ជាចៅក្រមស៊ើបសួរ បានចេញដីកាសម្រេចឃុំខ្លួន ។

ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ជនជាតិកូរ៉េ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល បញ្ជូនខ្លួនទៅកាន់តុលាការ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីបន្តការសួរនាំចាត់ការបន្តទៀត។

សមត្ថកិច្ចបានធ្វើស្រាវជ្រាវយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ជាមួយជំនាញ អាវុធហត្ថ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផុំ រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរវេរលុយនិងលក់ទូរសព្ទ រស់នៅឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីជំនាញអាវុធហត្ថបានថ្លែង ថា នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្នុងប៉ុស្តិ៍ យាមប្រជាការពារ ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រៃរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានអំពើឃាតកម្មមួយកើតឡើងដោយមិនមានឯកសារ បញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះនោះទេ។

ក្រោយកើតហេតុភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងស្រុកកណ្តាលស្ទឹង បានចុះទៅត្រួតពិនិត្យទីកន្លែងកើតហេតុ ហើយធ្វើការផ្សព្វផ្សាយព័ត៌មាន ដល់សមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយសហការអន្តរាគមន៍ពួនស្ទាក់ តាមភូមិសាស្ត្ររៀងៗខ្លួន។

បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងអាវុធហត្ថស្នាក់ការ២០១នៃ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី កងរាជអាវុធហត្ថខេត្តតាកែវ ចេញអន្តរាគមន៍ ក៏ប្រទះឃើញរថយន្ត ០១គ្រឿង ម៉ាក Kia Morning ពណ៌លឿងទុំ ពាក់ផ្លាកលេខភ្នំពេញ 2AK-7925 ប្លុងទុកចោលនៅលើផ្លូវជាតិលេខ២ នៅវេលា១៨និង១៥នាទី ស្ថិតនៅភូមិហនុមានជើង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។

តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា រូបគេពិតជាបានបាញ់រហូតដល់អស់គ្រាប់ទៅលើលោក Jo ChunSeong ដោយអាវុធខ្លីម៉ាករ៉ូឡូ នៅពេលដែលជនរងគ្រោះនោះបែរខ្នងមករករូបគេ។

ជនសង្ស័យបានឆ្លើយថា មូលហេតុបណ្តាលឱ្យរូបគេ (រដ្ឋា) សម្លាប់លោក Jo ChunSeong គឺមកពីជនសង្ស័យ បានជំពាក់លុយលោក Jo ChunSeong និងអ្នកផ្សេងទៀតច្រើនពេកគ្មានលទ្ធភាព សង និងមានវិបត្តិក្នុងគ្រួសារ ហើយលោក Jo ChunSeong តែងតែទារលុយរូបគេញឹកញាប់ពេក។

ផ្អែកលើវត្ថុតាង និងការបំភ្លឺរបស់សាក្សី ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមក្រមព្រហ្មទណ្ឌ អាចសន្និដ្ឋានបានថា ជនសង្ស័យ ឈ្មោះ ផុំ រដ្ឋា ពិតជាបានប្រព្រឹត្តបទ ឃាតកម្មគិតទុកជាមុន ដែលមានចែងក្នុងមាត្រា២០០ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែយោងតាមច្បាប់អ្នកដែលមានសិទ្ធិអំណាច ធ្វើការចោទប្រកាន់មានតែតំណាង អយ្យការប៉ុណ្ណោះ  រីឯការជំនុំជម្រះវិញមានតែចៅក្រម ដែលមានសិទ្ធិអំណាច៕