រដ្ឋមន្ត្រីក្រសួង​អប់រំ​ប្រកាស​ចាត់វិធានការ​តាមច្បាប់​ករណី​មានការ​បែកធ្លាយ​វិញ្ញាសា​ប្រឡង​បាក់​ឌុប​

249

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានប្រកាសថានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ករណីមានអ្នកណាធ្វើឲ្យមានបែកធ្លាយវិញ្ញាសាមុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ថ្ងៃទី២៣ខែសីហាសប្ដាហ៍ក្រោយនេះ។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអះអាងថា គ្មានការបែកធ្លាយវិញ្ញាសាណាមួយនោះទេនៅមុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦នេះ ហើយក្នុងករណីមានការបែកធ្លាយវិញ្ញាសាឯកឧត្តមបានអំពាវនាវឲ្យអ្នកដែលបានឃើញនោះរាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយឬក្រសួងដើម្បីស៊ើបអង្កេតចាត់វិធានការទៅតាមផ្លូវច្បាប់។

នៅក្នុងជំនួបសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តប្រមាណជិត ៦ពាន់នាក់ថ្ងៃទី១៧ ខែសីហានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឯកឧត្តម ហង់ ជួនណារ៉ុន បានថ្លែងថា សិស្សដែលប្រឡង គឺត្រូវខំរៀនសូត្រកុំរំពឹងរង់ចាំការបែកធ្លាយវិញ្ញាសា។

ឯកឧត្តមបន្ថែមថានឹងមិនឲ្យមានការបែកធ្លាយវិញ្ញាសានោះទេ ហើយក្រសួងក៏បានដាក់បំរាមមិនឲ្យមានវិញ្ញាសាពិតឬវិញ្ញាសាក្លែងក្លាយដាក់បង្ហោះនៅបណ្ដាព័ត៌មាន Facebook អ៊ីនធឺណិត និងមិនឲ្យមានការបែកធ្លាយណាមួយតាមមណ្ឌលប្រឡងនោះទេ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានប្រសាសន៍ថា ដើម្បីរឹតបន្តឹងសណ្ដាប់ធ្នាប់ការប្រឡងអង្គភាពនិងក្រសួងអប់រំបានសហការជាមួយកងកម្លាំងមានសមត្ថកិច្ចស្នើសុំប្រជាពលរដ្ឋដែលប្រកបរបរថតចម្លងឯកសារនានានៅជុំវិញមណ្ឌលប្រឡងឬនៅឆ្ងាយពីមណ្ឌលប្រលងនានាទៀតឲ្យបិទមុខរបរនៅថ្ងៃប្រឡងទាំង២ថ្ងៃដើម្បីទប់ស្កាត់ការថតចម្លងវិញ្ញាសាឬឯកសាររបស់សិស្ស៕