លទ្ធផល​ខ្លះ​ៗ​ពី​ការ​ប្រកួត​កីឡា​អូឡាំពិក Rio 2016​

293

អូឡាំពិក៖ កីឡាករអត្តពលិកម្មរបស់ចាម៉ៃកា Usain Bolt ដណ្ដើមបានមេដាយមាសរត់ 200m ជាលើកទីបីនៃព្រឹត្តិការណ៍អូឡាំពិកជាប់គ្នា ក្រោយមកដល់ទីព្រ័ត្រមុនគេ 19វិនាទី 78 តាមពីក្រោយមេដាយប្រាក់ដោយកីឡាករកាណាដា Andre De Grasse 20វិនាទី 02 និងមេដាយសំរិទ្ធកីឡាករបារាំង Christophe Lemaitre 20 វិនាទី 12។ សំរាប់ Usain Bolt វិញ្ញាសារត់ 200m នេះគេធ្លាប់ឈ្នះពីរដងមកហើយនៅអូឡាំពិកប៉េកាំង 2008 និងទីក្រុងឡុងដ៍ 2012។ ឯនៅអូឡាំពិកឆ្នាំនេះគេមានមេដាយមាសពីរ ហើយបន្ទាប់ពីឈ្នះវិញ្ញាសារត់ 100m ហើយនឹងបន្តរកមេដាយមាសទីបីនៅ Rio ថ្ងៃ វិញ្ញាសារត់បណ្ដាក់ 4នាក់ 100m។ ដោយឡែកសរុបវិញ Usain Bolt គិតមកដល់ពេលនេះគេឈ្នះមេដាយមាសអូឡាំពិកក្នុងអាជីព 8គ្រឿងហើយ។F13

កីឡាការនីចិន Ren Qian និង Si Yajie ដណ្ដើមបានមេដាយមាស និងប្រាក់លោតទឹកកំពស់ 10m។ វ័យ 15ឆ្នាំ ប៉ុណ្ណោះ Ren Qian ធ្វើបាន 94.05ពិន្ទុពេលលោតចុងក្រោយ និងសរុប 439.25ពិន្ទុ ខណៈមិត្តរួមជាតិចិន Si Yajie បានមេដាយប្រាក់ និងមេដាយសំរិទ្ធបានទៅកីឡាការនីកាណាដា។ មេដាយមាសសំរាប់ចិននៅពេលនេះមានន័យថា ចិនដណ្ដើមបានមេដាយមាស 6 ហើយក្នុងចំណោម 8នៃវិញ្ញាសាលោតទឹកផ្នែកនារីនេះ។

F10

វិញ្ញាសាកីឡាចំបាប់សេរីកីឡាការនីអាមេរិក Helen Louise Maroulis ដណ្ដើមបានមេដាយមាស ក្រោយឈ្នះកីឡាការនីជប៉ុន Saori Yoshida ដែលខកខានស្វែងរកមេដាយមាសទីបួនរបស់នាងនៅ Rio នេះ។ Yoshida ធ្លាប់ចាញ់ តែពីរលើកប៉ុណ្ណោះក្នុងអាជីពកីឡាចំបាប់របស់ខ្លួនគិតមកដល់ពេលនេះ។

F14

ក្រុមហក់គីអាហ្សង់ទីនដណ្ដើមបានមេដាយមាសអូឡាំពិក ក្រោយឈ្នះប៊ែលហ្ស៊ិកនៅវគ្គផ្តាច់ព្រ័ត្រ 4-2 ដែលជាមេដាយមាសក្នុងប្រភេទវិញ្ញាសាកីឡាហក់គីដំបូង ក្នុងប្រវត្តិសាស្ត្រអូឡាំពិករបស់អាហ្សង់ទីន។ ចំណែកប៊ែលហ្ស៊ិកមេដាយប្រាក់ គឺជាកំណត់ត្រាល្អបំផុតរបស់ខ្លួនផងដែរក្នុងប្រវត្តិសាស្ត្រអូឡាំពិក 96ឆ្នាំ បន្ទាប់ពីឈ្នះមេដាយសំរិទ្ធចុងក្រោយបំផុតឆ្នាំ 1920។ ដោយឡែកមេដាយសំរិទ្ធបានទៅអាល្លឺម៉ង់ក្រោយឈ្នះហូឡង់។

F11

បងប្អូនប្រុសអង់គ្លេសត្រកូល Brownlee ឈ្នះមេដាយមាស និងប្រាក់លើវិញ្ញាសាកីឡាទ្រីអាត្លុង។ Alistair Brownlee ដែលបងប្រុសវ័យ 28ឆ្នាំមកដល់ទីមុនគេ 1ម៉ោង 45នាទី 1វិនាទីបានមេដាយមាស ខណៈប្អូនប្រុសវ័យ 26ឆ្នាំ Jonathan Brownlee មកដល់ទីលំដាប់ទីពីរ 1ម៉ោង 45នាទី 7វិនាទី ពោលគឺយឺតជាង 6វិនាទីប៉ុណ្ណោះ។ កីឡាករអាហ្វ្រិកខាងត្បូង Henri Schoeman បានមេដាយសំរិទ្ធ៕
អត្ថបទ៖នាង សុភាវុធ