កម្ពុជា​បាន​ប្រាប់​សារ​ជា​ថ្មី​ទៀត​ដល់​វៀតណាម ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​ក្នុង​ការ​សាងសង់​នូវ​សំណង់​នានា​រំលោភ​ដី​ខ្មែរ​

265

ភ្នំពេញ ៖ជាថ្មីម្ដងទៀតក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ទៅភាគីវៀតណាមឲ្យបញ្ឈប់ជាបន្ទាន់ ក្នុងការសាងសង់នូវសំណងនានារំលោភដីខ្មែរនិង ហាមប្រជាជនវៀតណាមកុំចូលមកដាំដំណាំក្នុងតំបន់ណាដែលមិនទាន់បញ្ចប់ខណ្ឌសីមារវាងភាគីទាំងពីរផងដែរ។

យោងតាមកំណត់ទូតរបស់ក្រសួងការបរទេសដែលបានចេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះបានឲ្យដឹងថា វៀតណាមបានកំពុងសាងសង់នូវសំណង់ជាច្រើននិងជីកស្រះនៅតាមបណ្ដោយព្រំដែនជាមួយកម្ពុជា ហើយសំណង់និងសកម្មភាពទាំងនោះ ត្រូវបានក្រសួងអះអាងថារំលោភលើទឹកដីកម្ពុជានិងរំលោភកិច្ចព្រមព្រៀងរវាងថ្នាក់ជាតិនៃប្រទេសទាំងពីរ។

កំណត់ទូតបានលើកឡើងទៀតថា វៀតណាមបានជីកស្រះ និងសាងសង់ប៉ុស្តិ៍ ព្រមទាំងសំណង់ នានានៅតាមច្រក់មួយចំនួនដែលជាប់និងកម្ពុជាដូច្នេះក្រសួងបានអំពាវនាវដល់ភាគីវៀតណាមឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងនោះខណៈដែលគណៈកម្មការព្រំដែននៃប្រទេសទាំងពីរមិនទាន់ សម្រេចកំណត់ខណ្ឌសីមារួចជាស្ថាពរនោះ។

កំណត់ទូតបានបញ្ជាក់ទៀតថា«ស្របតាមស្មារតីនិងខ្លឹមសារនៃកំណត់ទូត និងលិខិតដូចដែលបានជម្រាបជូនទាំងអស់ខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាសូមស្នើរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាថ្មីម្ដងទៀត សូមឲ្យបញ្ឈប់សកម្មភាពសាងសង់ទាំងអស់ជាបន្ទាន់ និងធ្វើឲ្យស្ថានភាពបរិស្ថាននៅតំបន់ដូចបានរៀបរាប់ខាងលើមានសភាពដូចដើមវិញ ព្រមទាំងចាត់វិធានការរារាំងកុំឲ្យពលរដ្ឋរបស់ខ្លួនចូលមកដាំដុះ ឬធ្វើសកម្មភាពនៅតំបន់ព្រំដែនទាំងឡាយណាដែលមិនទាន់បញ្ចប់ការ ខណ្ឌសីមានិងបោះបង្គោលព្រំដែន ក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងដ៏ល្អ និងទំនាក់ទំនង ជិតស្និតជាប្រពៃណី ដោយត្រូវទុកឲ្យគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបញ្ចប់ការខណ្ឌសីមាឲ្យចប់ជាស្ថាពរសិន»

ក្រសួងក៏បានបញ្ជាក់ផងដែរថា សកម្មភាពរបស់ភាគីវៀតណាម ដែលបានជីកស្រះនិងសាងសង់នូវសំណង់នានានោះ ក៏ជាការំលោភកិច្ចព្រមព្រៀងរបស់ប្រមុខការបរទេសទាំងពីរដែលបានឯកភាពគ្នាកាលពីកន្លងទៅថា ភាគីទាំងពីរគ្រោងនឹងស្នើសុំប្រទេសបារាំងផ្ដល់អ្នកជំនាញបច្ចេកទេសខាងផែនទី មកជួយដៅខ្សែព្រំដែននៅលើតំបន់ជាក់ស្ដែងមួយចំនួនផងដែរ។

សូមរំលឹកថា ភាគីកម្ពុជាបានប្រាប់ជាច្រើនលើកច្រើនសារមកហើយ ទៅកាន់ ភាគីវៀតណាមឲ្យបញ្ឈប់ការសាងសង់និងជីកស្រះរំលោក លើទឹកដីខ្មែរនិងតំបន់មួយចំនួនទៀតដែលភាគីទាំងពីរមិនទាន់បញ្ចប់ខណ្ឌសីមានោះ តែការប្រាប់ទាំងនោះវៀតណាមហាក់បីដូចជាមិនបានយកចិត្តទុកដាក់នោះឡើយ ហើយបន្ថែមទាំងបន្តការសាងសង់ដោយគឃ្លើនថែមទៀតផង។

ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជានិងវៀតណាមមានចំនួនជាង១៧០០ គីឡូម៉ែត្រ ហើយរហូតមកដល់ ពេលបច្ចុប្បន្ននេះគណៈកម្មការព្រំដែននៃប្រទេសទាំងពីរបានបោះបង្គោលខណ្ឌសីមាបានចំនួនជាង៨០ភាគរយផងដែរ៕