កីឡាករ​ប្រណាំង​កង់​បែ​ល​ហ្សិ​ក Meersman​ ដណ្ដើម​យក​ជ័យជំនះ​ដំណាក់កាល​ទី​២ នៃ​កម្មវិធី​ La Vuelta​ ប្រទេស​អេ​ស្ប៉ា​ញ​

214

ប្រណាំងកង់៖ កីឡាករប្រណាំងកង់អាជីពមកពីប្រទេសបែលហ្សិក Gianni Meersman នៃក្រុមប្រណាំង Etixx Quickstep បានឆ្លងផុតខ្សែទីព្រ័ត្រមុនគេកាលថ្ងៃអាទិត្យម្សិលម៉ិញ ដើម្បីយកឈ្នះនៅក្នុងដំណាក់កាលទី២ កម្មវិធី La Vuelta នៅប្រទេសអេស្ប៉ាញ។

 
កីឡាករGianni Meersman ពិតជាបានបង្ហាញពីសមត្ថភាពដ៏ពូកែ ក្នុងការប្រកួតដោយប្រជែងជាមួយកីឡាករម្ចាស់ស្រុក ពោលគឺគេប្រើពេលសរុប ៤ម៉ោង ១៦នាទីនឹង ៣៩វិនាទីលើចំងាយផ្លូវ 160.8គីឡូម៉ែត្រ នាំមុខអ្នកលេខ២ កីឡាករប្រណាំងកង់អាល្លឺម៉ង់ Michael Schwarzmann វ័យ ២៥ឆ្នាំនឹងលេខ៣ កីឡាករដែនម៉ាក់ Magnus Cort នៃក្រុមប្រណាំង Orica ផងដែរ។ ក្រោយបញ្ចប់ការប្រកួតនៅដំណាក់កាលទី២ កម្មវិធី La Vuelta នេះកីឡាករសញ្ជាតិប៉ូឡូញ Michal Kwiatkowski នៃក្រុម Team Sky ឈរលេខ១ នៅតារាងជើងឯករួមដោយមានថេរៈវេលាសរុប ៤ម៉ោង ៤៧នាទីនឹង ១៦វិនាទី លេខ២ កីឡាករម្ចាស់ស្រុក Jose Joaquin Rojas របស់ក្រុម Movistar នឹងលេខ ៣ កីឡាករ Alejandro Valverde របស់ម្ចាស់ផ្ទះផងដែរ។ ដោយឡែកឯការប្រកួតដំណាក់កាលទី៣ ថ្ងៃចន្ទទី២២ សីហានេះមានប្រវែងផ្លូវ 176.4គីឡូម៉ែត្រចេញពី Marin ឆ្ពោះទៅកាន់តំបន់ Dumbria Mirador de Ezaro ដែលជាដំណាក់កាលប្រណាំងឆ្លងកាត់ភ្នំ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ