បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ផ្សព្វផ្សាយ​ អំពី​គោលនយោបាយ​សន្តិសុខ ​សង្គម​ដល់​និយោជក ​ ម្ចាស់​ សហគ្រាស ​គ្រឹះស្ថាន ​នៅ​ខេត្ត​ប៉ៃលិន

370

ប៉ៃលិន ៖ បេឡាជាតិរបបសន្តិសុខសង្គម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ បានផ្សព្វផ្សាយអំពីគោលនយោបាយ សន្តិសុខសង្គមដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តប៉ៃលិនទាំងអស់ ដែលបានចុះបញ្ជីការជាមួយបេឡារបបសន្តិសុខសង្គម ក្នុងគោលបំណងជំរុញដល់កាតព្វកិច្ចមកចុះបញ្ជីការ និងការបង់វិភាគទាន ដើម្បីទទួលបានការធានារ៉ាប់រងហានិភ័យការងារ។

លោក មេង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម បានឱ្យដឹងថា  បេឡាជាតិរបបសន្តិសុខសង្គម គឺអង្គភាពគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានបេសកកម្ម បម្រើសេវា សាធារណៈមានលក្ខណៈសង្គម ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៧  ដោយអនុវត្តជំហានដំបូង គឺបានកំណត់វិសាលភាពអនុវត្តចំពោះសហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិត ចាប់ពី ០៨នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចមកចុះបញ្ជីការ និងបង់វិភាគទាន នៅបេឡាសន្តិសុខសង្គម ដើម្បីទទួលបានការធានារ៉ាប់រងហានិភ័យការងារ ។

លោក បានបន្តថា  ចំពោះតាវកាលិក (អត្ថប្រយោជន៍) ដែលកម្មករនិយោជិត ទទួលបាន រួមមាន ការសង្គ្រោះបន្ទាន់ ការថែទាំ និងព្យាបាល ការទទួលប្រាក់បំណាច់ប្រចាំថ្ងៃ ការទទួលបានប្រាក់ធនលាភ ប្រាក់វិភាជន៍ សោហ៊ុយ បូជាសព តាវកាលិកឧត្តរជីវី សេវាបុននីតិសម្បទា។លោក បានបញ្ជាក់ថា នៅឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម នឹងរៀបចំឱ្យកម្មករ និយោជិក  ដែលធ្វើការនៅតាមសហគ្រាស គ្រឹះស្ថាននានា ទទួលបានការធានារ៉ាប់រងសោធនិវត្តន៍ ដូចជាមន្ត្រីរាជការ បម្រើការងារដ្ឋដែរ។

លោក  ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍ថា ការធានារបបសន្តិសុខសង្គម មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងបរិបទដែលប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ដោយវាបានផ្តល់នូវការគាំពារសង្គម សម្រាប់ប្រជាជនកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់កម្មករនិយោជិត  ដែលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាន ដោយផ្អែកលើទស្សនទាន នៃការចែករំលែក និងគោលការណ៍សាមគ្គីក្នុងសង្គម ធានាបាននូវសន្តិសុខប្រាក់ចំណូល ពោលគឺមានន័យថា គ្មានសមាជិកសង្គមណាម្នាក់ ធ្លាក់ទៅក្នុងហានិភ័យដោយមិនអាចងើបរួចនោះឡើយ។ម្យ៉ាងទៀតគោលនយោបាយសន្តិសុខសង្គម ក៏ចូលរួមចំណែកយ៉ាងសំខាន់ ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល តាមរយៈការកាត់បន្ថយ នូវគម្លាតប្រាក់ចំណូល  រវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឱ្យមានស្ថិរភាព  និងភាពសុខដុមរមនា នៅក្នុងសង្គម។

លោក ក៏បានសំណូមពរដល់គ្រប់អង្គភាព មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ត្រូវចូលរួមសហការគ្នាជាមួយអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។  លោក សង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនេះ នឹងទទួលបានជាលទ្ធផល ចំណេះដឹង ជំនាញ ទស្សនៈ ព្រមទាំងបទពិសោធន៍ថ្មីៗ បន្ថែមលើអ្វីដែលមានស្រាប់ ព្រមទាំងជាផ្នែកមួយ ក្នុងការអភិវឌ្ឍន៍ការអនុវត្តរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិ នៃច្បាប់ស្តីពីការងារ។

គួរបញ្ជាក់ថា  បើតាមរបាយការណ៍របស់លោក រាម សុមិត្រ មន្ត្រីសាខា បសស ខេត្តប៉ៃលិន បានឱ្យដឹងថា នៅខេត្តប៉ៃលិន សហគ្រាស គ្រឹះស្ថាន បានចុះបញ្ជីជាមួយបេឡាជាតិសន្តិសុខសង្គម មានចំនួន ៧១ មានកម្មករនិយោជិត សរុបចំនួន ២៦២០នាក់ ស្រី ១៥៩១នាក់ ហើយបានផ្តល់តាវកាលិកព្យាបាល ចំនួន ១៥នាក់ និងតាវកាលិក បាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន ចំនួន ១១នាក់៕

14112119_1729118220683673_1111541499_n 14111877_1729118284017000_523999641_n 14101765_1729118304016998_673589806_n 14101634_1729118317350330_424879606_n 14081472_1729118227350339_824044442_n 14055766_1729118297350332_1511556776_n 14055511_1729118287350333_385615031_n