សម្ដេច​តេ​ជោ​មាន​ជំនឿ​ថា ​ជំនួប​រវាង​សម្ដេច​និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ខេត្ត​កំពង់ចាម នឹង​ជំរុញ​ការអភិវឌ្ឍន៍​

193

ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជឿជាក់ ថាការជួបគ្នារវាងសម្ដេចនិងក្រុមប្រឹក្សាឃុំ សង្កាត់ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងនាំមកនូវការយល់ដឹងបន្ថែម និងការជំរុញការអភិវឌ្ឍន៍ទៅមុខយ៉ាងឆាប់រហ័ស។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ នៅខេត្តកំពង់ចាម ដែលធ្វើនៅសាលាខេត្តនាព្រឹកថ្ងៃទី២៤សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចបានទៅអនុវិទ្យាល័យបឹងកុក ដោយសារមានការបង្ហោះចូលហ្វេសប៊ុកសម្ដេច។សម្ដេចមានប្រសាសន៍បន្ថែមថា ត្រូវតែមានដំណោះស្រាយជាក់លាក់ដើម្បីជួយពួកគាត់ទៅលើអគារចាស់មួយខ្នង ដែលសល់ពីសម័យដើមព្រោះអគារចាស់នោះ វាស្ទើរតែដូលរលំទៅហើយៗទើបសម្ដេចសម្រេច ផ្ដល់អគារមួយខ្នង ៣ ជាន់ ១៨ បន្ទប់ និងអគារទីចាត់ការមួយខ្នង ៣ បន្ទប់។

សម្ដេចបន្តថា ម្សិលមិញ សម្ដេចបានធ្វើដំណើរទៅសាលាអនុវិទ្យាល័យមួយនៅចំការលើ ហើយក៏បានផ្ដល់ អគារសិក្សាមួយខ្នង ២ ជាន់ ១២ បន្ទប់ អគារទីចាត់ការ និងផ្ទះគ្រូ ចំណែកអ្នកនៅព្រៃវែង បានធ្វើដំណើរមកដល់ទីក្រុងកំពង់ចាម ដើម្បីតវ៉ារឿងផ្សារ ក្នុងបញ្ហានេះ សម្ដេចបញ្ជាក់ថា រដ្ឋមន្ត្រីពាក់ព័ន្ធ ត្រូវចុះទៅជួបពួកគាត់ ដើម្បីពន្យល់ ហើយអោយពួកគាត់ត្រឡប់ទៅផ្ទះវិញទៅ តែរដ្ឋមន្ត្រីនានា ត្រូវចាត់វិធានការដើម្បីឆ្លើយតបនឹងបញ្ហានេះ។

សម្ដេច បានចារលើលិខិតរបស់អភិបាលខេត្តព្រៃវែងជូនទៅសម្ដេចក្រឡាហោម ស ខេង អោយជួយដោះស្រាយពាក់ព័ន្ធនឹងផ្សារចាស់ និងផ្សារថ្មី៕