ឈ្មួញ​ដី​ម្នាក់ ​ចេញមុខ​សន្យា​ជាមួយ​ពលរដ្ឋ ក្រោយ​លេច​លឺថា ​គេចខ្លួន​ករណី​ដី​ធ្លី​

440

កំពង់ឆ្នាំង ៖ នៅសាលាសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ឈ្មួញរកស៊ីដី ម្នាក់ លោក អៀរ គុយម៉ុង ហៅក្តាន់ បានចេញមុខមកសន្យា ទល់ជាមួយពលរដ្ឋប្រមាណជិត៥០គ្រួសារ ដែលបានទិញដីរបស់លោក ជិតតំបន់អភិវឌ្ឍន៍ ហើយលេចឮដំណឹងថា រត់គេចខ្លួនបាត់។

នៅចំពោះមុខប្រជាពលរដ្ឋ ជិត ៥០ គ្រួសារ ឈ្មួញរកស៊ីដី ម្នាក់ ឈ្មោះ លោក អៀរ គុយម៉ុង បានពន្យល់ និងសន្យា ជាមួយពលរដ្ឋដែលជាអ្នករងគ្រោះថា ទី១.បើលោកតទល់ក្តីឈ្នះ លោកនឹងប្រគល់ដីជូនប្រជាពលរដ្ឋ ដោយមិនអោយខ្វះមួយចំអាមឡើយ ទី២. បើលោកចាញ់ក្ដី លោកនឹងសងជាប្រាក់សុទ្ធ ឬដី តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ចំណែកទី៣. ប្រសិនបើប្រជាពលរដ្ឋមិនទុកចិត្តទេ គឺលោកអាចវាស់ដីលោក ដែលនៅក្បែរដីទំនាស់នោះ សងវិញបាន តែបើលោកឈ្នះក្ដីមិនអាចមកសុំយកដីទំនាស់នោះ វិញបានទេ។

សូមបញ្ជាក់ថា ក្នុងពេលធ្វើសន្យារបស់ឈ្មួញដីរូបនេះ ចៅសង្កាត់ខ្សាម លោក ឈួរ ថន ដែលបានចុះហត្ថលេខាបោះត្រាលើលិខិតទិញលក់ដីរបស់ប្រជាពលរដ្ឋ និងរបស់ឈ្មួញទាំង២ មិនបានចូលរួម នោះឡើយ គឺមានតែចៅសង្កាត់រងចូលរួមតែប៉ុណ្ណោះ។

ពលរដ្ឋរងគ្រោះ បានរិះគន់ថា អាជ្ញាធរខេត្តក្រុងហាក់មិនអើពើចំពោះបញ្ហា ទំនាស់ដីធ្លី របស់ពួកគាត់ទាល់តែសោះ ដោយបណ្ដោយឲ្យ លោក លី ផេង ដែលអះអាងថា ជាម្ចាស់ដី ពិតប្រាកដនោះ ប្រើប្រាស់កម្លាំងមកដករបងរបស់ប្រជាពលរដ្ឋចោល និងដាំរបងថ្មីជំនួសទៅវិញ ខណៈដែលទំនាស់ដីធ្លីនេះ កំពុងតែស្ថិតក្នុងការប្តឹងផ្តល់គ្នានៅឡើយ។

ប្រជាពលរដ្ឋរងគ្រោះ បានសំណូមពរដល់រាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំកំពូលៗ មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង ព្រោះពលរដ្ឋមួយចំនួនធំ កំពង់ជួបបញ្ហាជំពាក់ប្រាក់ធនាគារ ដោយសារតែខ្ចីប្រាក់ធនាគារមកទិញដីពុះឡូតិ៍ នៅក្នុងតំបន់២នេះ ដើម្បីសង់ផ្ទះរស់នៅ។

ទាក់ទងនឹងករណីនេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួ ច័ន្ទឌឿន មានប្រសាសន៍ថា លោក មិនមានអ្វីត្រូវបកស្រាយទេ ព្រោះរឿងនេះ កំពុងស្ថិតក្នុងដៃរបស់តុលាការ។ ចំណែកឯព្រះរាជអាជ្ញា សាលាដំបូង លោក យូ ទិត្យវឌ្ឍនៈ បានមាប្រសាសន៍ រឿងក្តីនេះ ទើបតែ ទទួលបាន ដូច្នេះលោក មិនអាចបញ្ជាក់យ៉ាងណានោះឡើយ៕

k kk kkk1