ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម​យ៉ាន ស្នើ​ឲ្យ​រឹត បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​​គោក

356

បាត់ដំបង ៖ ក្នុងកិច្ចប្រជុំនៅស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ២៦ ខែសីហានេះ បើកិច្ចប្រជុំត្រួតពិនិត្យនិងពង្រឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសំរាប់ រយៈពេល៨ខែ ដើមឆ្នាំ២០១៦។

លោក ឧត្តមសេនីយ៍ត្រី ប៉ែន រិទ្ធី ស្នងការរងនគរបាលខេត្ត ក្នុងបើកិច្ចប្រជុំត្រួតពិនិត្យនិងពង្រឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសំរាប់រយៈពេល៨ខែដើមឆ្នាំ២០១៦នៅថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៦ លើកឡើងថា យោងរបាយការណ៍សរុប៨ខែឆ្នាំ២០១៦ បង្ហាញថា តុល្យការនៃការខូចខាត និងបណ្តាលអោយមានមនុស្សស្លាប់ចំនួន៦៥នាក់ ស្រីចំនួន៩នាក់  របួសធ្ងន់១៦៥នាក់ ស្រីចំនួន៣៨នាក់ និងរបួសស្រាលចំនួន៩១នាក់ ស្រីចំនួន៣១នាក់ និងខូចខាតរថយន្តធុនធំចំនួន១៧គ្រឿង រថយន្តធុនតូចចំនួន៤៧គ្រឿង ត្រាក់ទ័រចំនួន១គ្រឿង គោយន្តកន្ត្រៃចំនួន១៦គ្រឿង ម៉ូតូចំនួន១៣៩គ្រឿង កង់ចំនួន២គ្រឿង និងម៉ូតូកង់បីចំនួន១គ្រឿង។

លោក ឧត្តមសេនីយ៍ បានបន្តថា ចំពោះការត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ បានចំនួន៨ម៉ឺន១៦៨គ្រឿង បានរកឃើញរថយន្តល្មើសមានចំនួន៤ម៉ឺន៤ពាន់៥៥២គ្រឿង ដែលត្រូវផាកពិន័យស្មើនឹងទឹកប្រាក់ចំនួន៨៥២លាន៥សែន៦ម៉ឺន៥ពាន់រៀល និងដោះស្រាយបញ្ចប់ករណីគ្រោះថ្នាក់ចរាចរណ៍បានចំនួន១០៨ករណី ដែលមានទឹកប្រាក់សំណងរដ្ឋប្បវេណីចំនួន៤៣៦លាន៦សែន៧ម៉ឺនរៀល។

ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវតែរឹតបន្តឹងជានិច្ច ព្រមទាំងវិធានការអប់រំផ្សព្វផ្សាយ អោយដល់ម្ចាស់យានយន្ត គ្រប់ប្រភេទទាំងអស់ ត្រូវតែយល់ដឹង និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក។ ម្យ៉ាងទៀត បើសមត្ថកិច្ច និងប្រជាពលរដ្ឋ អនុវត្តនូវវិធានការខាងលើនេះ បាន គឺអាចកាត់បន្ថយនូវរាល់អត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ដែល បច្ចុប្បន្ននេះ បានក្លាយជាក្តីកង្វល់មួយដែលត្រូវ ដោះស្រាយ។  ដោយឡែក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា មន្ត្រីជំនាញ និងកងកំលាំងនគរបាល តាមបណ្តាលស្រុក ត្រូវតែយកចិត្តទុកដាក់រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាអត់បន្ថយការខាតបង់ថវិកាជាតិផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន ក៏បានប្រគល់ជូនឧបករណ៍វាស់ជាតិអាល់កុលចំនួន៤គ្រឿង កាម៉ារ៉ាចាប់ល្បឿនចំនួន១៤គ្រឿង និងបំពង់ផ្លុំវាស់ជាតិអាល់កុលចំនួន១០០ដើមផងដែរ៕