អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គ្រោង​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​មន្ត្រីរាជកា​រ​ជាប់​សារធាតុ​ញៀន​

394

ភ្នំពេញ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រោងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលឲ្យ ចាត់វិធានការចំពោះមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធដែលញៀនគ្រឿងញៀន ហើយថា ក្នុងករណីដែលពួកគេមិនព្រមទៅព្យាបាលបន្សាបគ្រឿងញៀននោះទេ នឹងត្រូវប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

ក្នុងកិច្ចប្រជុំអន្តរក្រសួងបូកសរុបការងារប្រចាំឆមាសទី១របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២៩ ខែសីហានៅឯទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើឲ្យថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាព ស្រាវជ្រាវមន្ត្រីរបស់ខ្លួនតាមរយៈការពិនិត្យធ្វើតេស្តទឹកនោម ដើម្បីធានាឲ្យបានច្បាស់ថា មន្ត្រីរបស់ខ្លួននៅគ្រប់ផ្នែកនិងគ្រប់លំដាប់ថ្នាក់គ្មានជាប់សារធាតុញៀន។

ឯកឧត្តមបន្តថា ក្នុងករណីមន្ត្រីជាប់សារធាតុញៀនមិនព្រមទៅព្យាបាលបន្សាប នៅថ្ងៃខាងមុខ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រោងនឹងស្នើទៅរាជរដ្ឋាភិបាល ឲ្យមានការលុបឈ្មោះមន្ត្រីចេញពីបញ្ជីបុគ្គលិកមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានប៉ាន់ប្រមាណថាយ៉ាងហោចណាស់ក្នុងចំណោមមនុស្សញៀនគ្រឿងញៀនកំពុងព្យាបាលក្នុងមណ្ឌលប្រមាណជិត៨០០០នាក់ គឺមានមន្ត្រីរាជការប្រមាណ៥% ជាប់សារធាតុញៀនកំពុងសំរាកព្យាបាល។

ឯកឧត្តមក៏បានស្នើឲ្យថ្នាក់ដឹកនាំតាមស្ថាប័ន ថ្នាក់ដឹកនាំមូលដ្ឋានថ្នាក់ក្រោមជាតិ និងកងកំលាំងមានសមត្ថកិច្ចស្រាវជ្រាវរកអ្នកញៀនគ្រឿងញៀនតាមរយៈការពិនិត្យទឹកនោម ក្នុងចំណោមសិស្សសាលាកំពុងសិក្សា កម្មករ និងអ្នកបើកបររថយន្តដឹកអ្នកដំណើរ ដើម្បីនាំពួកគេទៅបន្សាបសារធាតុញៀន។

ឯកឧត្តមលើកឡើងថា បច្ចុប្បន្នមានអ្នកញៀនគ្រឿងញៀនជាច្រើនទៀតនៅមិនទាន់បានបញ្ជូនទៅទទួលបានសេវាព្យាបាលបន្សាបគ្រឿងញៀននៅឡើយ ហើយឯកឧត្តមប៉ាន់ប្រមាណថា បច្ចុប្បន្ន មានអ្នកញៀនគ្រឿងញៀននៅទូទាំងប្រទេសមានប្រមាណ១៦.០០០នាក់រីឯអ្នកញៀននៅក្រៅមណ្ឌលព្យាបាលមានប្រមាណជាង៨ពាន់នាក់។

នាយឧត្តមសេនីយសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ទុកថា គ្រឿងញៀនជាសត្រូវលាក់មុខ ហើយថា អ្នកញៀនគ្រឿងញៀន គឺមានចរិតកោងកាចហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗដែលគេមិនត្រូវការ និងមានចរិកបង្កហានីភ័យខ្លាំងជាងគ្រោះថ្នាក់ចរាចរណ៍ទៅទៀត៕