ក្រុមការងារ​ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​សមាជិក​បក្ស​ទាំងអស់​ទៅ ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់គ្នា​

227

ស្វាយរៀង ៖ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា លោក ឈឹម សុខនប្រធានក្រុមការងារចុះជួយឃុំចំបក់តំណាងឯកឧត្ដម ចៅ ភារុណ ប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងសមាជិកសមាជិកាទាំងអស់ ទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នាដើម្បីធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលក្នុងការចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

លោក ឈឹម សុខន បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋណាដែលមិនបានធ្វើអត្តសញ្ញាណប័ណ្ណសូមមេត្តារួសរាន់ឡើង អញ្ជើញទៅបំពេញបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណនៅតាមកន្លែងដែលមន្ត្រីអត្តសញ្ញាណប័ណ្ណចុះមកធ្វើ អោយបានគ្រប់ៗគ្នា។

ជាមួយគ្នានោះដែរ ឈឹម សុខនក៏បានថ្លែងលើកឡើងអំពីសមទ្ធផលនានានិងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលកើតចេញពីស្នាដៃគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ ដូច្នេះដើម្បីឆ្លើយតបនូវការដឹកនាំដ៏ល្អនេះ សូមបងប្អូនចូលរួមគាំទ្រគណបក្សប្រជាជនបន្ថែមទៀតនៅក្នុងពេលបោះឆ្នោត២០១៧ និង២០១៨ខាងមុខនេះ ដើម្បីអោយសម្ដេចលោកមានឱកាសដឹកនាំប្រទេសជាបន្តទៀត។

ឆ្លៀតក្នុងឱកាសនោះដែរលោក ឈឹម សុខន បានក្រើនរំលឹកនិងជំរុញដល់សមាជិកសមាជិកាបក្សប្រជាជនទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវគិតនិន្នាការនយោបាយនោះឡើយ ហើយមិនតែប៉ុណ្ណោះ លោកឈឹម សុខន ក៏បាននាំយកអំណោយរបស់ ឯកឧត្ដម ចៅ ភារុណ ទៅជូនដល់ផ្ទះគ្រួសារក្រីក្រមួយចំនួន នៅភូមិផ្សេងគ្នាក្នុងឃុំចំបក់ស្រុកស្វាយជ្រំខេត្តស្វាយរៀងផងដែរ៕