សម្ដេច​តេ​ជោ​ឧបត្ថម្ភ​ក្រុម U-15​ កម្ពុជា​ក្នុង​ម្នាក់ ១​ពាន់​ដុល្លារ បន្ទាប់​ពី​នាំ​ពាន​ជើងឯក​យុវជន​នៅ​ចិនមក​ដល់​កម្ពុជា​យប់​មិញ​

448

បាល់ទាត់៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិទន្លេបាទីក្រោមអាយុ ១៥ឆ្នាំកម្ពុជាបាននាំពានជើងឯក The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ២០១៦ មកដល់ស្រុកកំណើតវិញហើយកាលពីយប់មិញ ខណៈសហព័ន្ធបានរៀបចំកម្មវិធីទទួលស្វាគមន៍យ៉ាងអធិកអធម ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអាណាព្យាបាលកីឡាករផងដែរ។

ប៉ុន្តែអ្វីដែលពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានចំណាយថវិកាផ្ទាល់របស់សម្ដេចតាមរយៈឯកឧត្តម សៅ សុខា ឧបត្ថម្ភដល់សមាជិកនៃក្រុមយុវជនសាលាបាល់ទាត់ជាតិទាំងអស់ ២២នាក់ក្នុងម្នាក់ទទួលបាន ១.០០០ដុល្លារសរុប ២២.០០០ដុល្លារទៀតផង។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សៅ សុខា បានមានប្រសាសន៍ថា ប្រាក់ឧបត្ថម្ភលើកទឹកចិត្តរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ ត្រូវផ្ដល់ជូនជាប្រាក់សុទ្ធតែមន្ត្រី និងគ្រូបង្វឹកប៉ុណ្ណោះ រីឯកីឡាករវិញសហព័ន្ធនឹងរៀបចំជូនតាមក្រោយ សម្រាប់ទិញសម្ភារៈសិក្សា សម្លៀកបំពាក់ និងសម្ភារៈកីឡាជាដើមនៅពេលកីឡាករម្នាក់ៗមានតម្រូវការ ប៉ុន្ដែហាមដាច់ខាតមិនឲ្យទិញទូរស័ព្ទឡើយ ព្រោះពួកគេនៅក្មេងក្នុងវ័យសិក្សា។

 

តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនេះដែរ ឯកឧត្តម សៅ សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះសម្ដេចទាំងទ្វេ ដែលតែងតែជំរុញលើកស្ទួយវិស័យកីឡា ពិសេសគឺតែងតែ ផ្ដល់ប្រាក់ឧបត្ថម្ភដល់ក្រុមបាល់ទាត់ពីឈុតធំ ដល់ឈុតតូច ដើម្បីជាការលើកទឹកចិត្តដល់កីឡាករជម្រើសជាតិ ឲ្យកាន់តែមានឆន្ទៈក្នុងការប្រកួតប្រជែងស្វែងរកជ័យជម្នះ ជូនជាតិមាតុភូមិនាពេលខាងមុខទៀត។ គួរបញ្ជាក់ថា ក្រុមយុវជនសាលាបាល់ទាត់ជាតិបានចូលរួម ប្រកួតពានអន្តរជាតិខាងលើនៅប្រទេសចិនកាលពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែសីហានេះទើបបញ្ចប់ ក្នុងនោះក្រុមយុវជនតំណាងកម្ពុជានេះបានយកឈ្នះគូប្រកួតជាបន្តបន្ទាប់ រហូតឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយយបានបន្តយកឈ្នះក្រុម Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថានដោយលទ្ធផល ៣-២ ដើម្បីគ្រងតំណែងជើងឯកពានរង្វាន់ The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ២០១៦នេះតែម្ដង៕
អត្ថបទ៖ លី ឈុនឡា