លីបង់៖ យោងតាមមន្ត្រីកកាបាទក្រហមរបស់ប្រទេសលីបង់ឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកលើរថយន្តដឹកទំនិញមួយគ្រឿងក្នុងទីក្រុងហ្សាឡេ ក្នុងតំបន់ជ្រលងភ្នំបេការបស់ប្រទេសលីបង់កាលពីថ្ងៃពុធ សម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និង ១១នាក់ផ្សេងទៀតរងរបួស។
ប្រភពដដែលបន្តថា ការផ្ទុះនេះបានកើតឡើងនៅរង្វង់មូលមួយក្បែរទីក្រុងហ្សាឡេ ដោយមិនបានដឹងជាមុនឡើយ។ ចំណែកសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មនុស្សម្នាក់ដែលបានស្លាប់ជាស្ត្រី ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលំអិតបន្ថែមទៀតទេ។ ក្រោយការវាយប្រហារភ្លាមៗ មិនមានក្រុមណាមួយអះអាងទទួលខុសត្រូវទេ។ ឧប្បត្តិហេតុសន្តិសុខមួយចំនួនបានប៉ះទង្គិចលើប្រទេសលីបង់ ក្នុងពេលប៉ុន្មានខែថ្មីៗនេះរួមទាំងការវាយប្រហារមួយ ធ្វើឡើងដោយខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាត ៨នាក់ដែលបានបំផ្ទុះខ្លួនឯងសម្លាប់មនុស្ស ៥នាក់ក្នុងភូមិកាន់សាសនាគ្រិស្តនាភាគខាងជើងប្រទេសនេះក្នុងខែមិថុនា។ គួរឲ្យដឹងថា ប្រទេសលីបង់បានប៉ះពាល់ម្ដងហើយម្ដងទៀតដោយសារសង្គ្រាមស៊ីវិលរយៈពេល ៥ឆ្នាំក្នុងប្រទេសជិតខាងស៊ីរី ជាទីដែលក្រុមឧទ្ទាមកាន់សាសនាអ៊ីស្លាមនីកាយស៊ីអ៊ីតហេស្បូឡា ដ៏មានឥទ្ធិពលរបស់ប្រទេសលីបង់កំពុងវាយប្រយុទ្ធគាំទ្រលោកប្រធានាធិបតីស៊ីរី បាសា អាល់អាសាត៕
អត្ថបទ៖ សុខមាន
ផ្ទះ ព័ត៌មានអន្តរជាតិ មនុស្សម្នាក់ស្លាប់ និង ១១នាក់ទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកលើរថយន្តនៅទីក្រុងហ្សាឡេ