មន្ត្រី​ជាន់​ខ្ពស់​កងទ័ព​ជើង​ទឹក​អះអាង​ថា ការ​ហ្វឹកហ្វឺន​កងទ័ព​នៅ​ក្នុង​រាជធានី​មិនមែន​គំរាមកំហែង​គណបក្សប្រឆាំង​ទេ​

263

ភ្នំពេញ ៖ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទអះអាងថា ការហ្វឹកហ្វឺនរបស់កងទ័ពដែលមានការប្រើប្រាស់នាវាជើងទឹក និងយន្តហោះយោធាជាដើម ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មិនមែនធ្វើឡើងដើម្បីគំរាមកំហែងទៅដល់គណបក្សនយោបាយណានោះទេ ពោលគឺធ្វើឡើងដើម្បីត្រៀមជួយប្រជាពលរដ្ឋពេលមានទឹកជំនន់ គ្រោះធម្មជាតិនានា ក្នុងគ្រារដូវទឹកដំឡើង។

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នបច្ចេកទេសបើកបរថែទាំអូរប័រ និងវគ្គបំប៉នជំនាញសង្គ្រោះមហន្តរាយណ៍ ថ្ងៃទី១ ខែកញ្ញា នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក រាជធានីភ្នំពេញ ឯកឧត្ដម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ថ្លែងថា ការហ្វឹកហ្វឺនធ្វើលំហាត់សមយុទ្ធជំនាញសង្គ្រោះមហន្តរាយណ៍នេះគឺមានគោលដៅសំខាន់ ត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយដែលកើតដោយសារទឹកជំនន់ និងគ្រោះមហន្តរាយន៍ដោយគ្រោះធម្មជាតិផ្សេងៗ ហើយថាការហ្វឹកហ្វឺននៅតាមដងទន្លេក្នុងរាជធានីភ្នំពេញនោះ មិនមែនធ្វើឡើងដើម្បីគំរាមកំហែងដូចការគិតរបស់បុគ្គលដែលមាននិន្នាការប្រឆាំងនោះទេ។

ឯកឧត្ដម នាយឧត្តមនាវី ទៀ វិញបន្តថា សម្រាប់ការហ្វឹកហ្វឺនត្រៀមសង្គ្រោះគ្រោះមហន្តរាយណ៍ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ គឺអង្គភាពទ័ពជើងទឹកបានត្រៀមកម្លាំងប្រមាណជាង៥០០នាក់ ដើម្បីចូលរួមសង្គ្រោះមហន្តរាយដែលនឹងអាចកើតជាក់ស្តែងនៅពេលខាងមុខ។

ឯកឧត្ដមលើកឡើងទៀតថា សម្រាប់ការហ្វឹកហ្វឺនជំនាញសង្គ្រោះមហន្តរាយ គឺមានលទ្ធភាពអាចជួយប្រជាពលរដ្ឋតែនៅក្នុងរង្វង់ដែនគ្រប់គ្រងរបស់កងទ័ពជើងទឹកប៉ុណ្ណោះ ពោលគឺអាចជួយបានក្នុង និងជាយរាជធានីភ្នំពេញ និងតាមនៅតំបន់នានាទៀត ដែលថ្នាក់ដឹកនាំស្នើឲ្យចូលរួមជួយ។

តាមរបាយការណ៍ បញ្ជាក់ថា ការហ្វឹកហ្វឺនជំនាញសង្គ្រោះមហន្តរាយនេះ បានប្រើប្រាស់ពេលវេលា៦១ថ្ងៃ គិតចាប់ពីពាក់កណ្ដាលខែកក្កដា ដល់ថ្ងៃទី១ ខែកញ្ញានេះមានកងទ័ពជើងទឹកប្រមាណជាង៣៧០នាក់ចូលរួម។ ការហ្វឹកហ្វឺននោះបានប្រើប្រាស់សម្ភារៈដូចជា អូរប័រទូកប្រដេញ នាវាប្រដេញ រថយន្តសង្គ្រោះ សម្ភារៈបច្ចេកទេសសង្គ្រោះសុខាភិបាល និងសម្ភារៈបច្ចេកទេសសង្គ្រោះអ្នកលង់ទឹកជាដើម ៕