កាណាដា​ស្នើ​ដល់​កម្ពុជា ​ឲ្យ​ចុះហត្ថលេខា​ឲ្យ​បាន​ឆាប់​ ក្នុងការ​ការពារ​អ្នកវិនិយោគ​កាណាដា​

323

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា លោក សេ្ទហ្វិន ដូយ៉ុន បានស្នើដល់កម្ពុជាឲ្យមានការចុះហត្ថលេខាការពារ អ្នកវិនិយោគទុនរបស់ខ្លួនឲ្យបានឆាបរហ័ស ដើម្បីធ្វើយ៉ាងណាឲ្យអ្នកវិនិយោគកាណាដា មកធ្វើវិនិយោនៅកម្ពុជាបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកាណាដាកំពុងឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។

ការស្នើរបស់ប្រមុខការបរទេសកាណាដានេះ គឺបានធ្វើឡើង នៅក្នុងកិច្ចជំនួបជាមួយទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមប្រាក់ សុខុន នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងការបរទេស។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះ អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យរបស់ក្រសួងការបរទេស លោក ជុំ សន្ទរី បានឲ្យដឹងថា ភាគីកាណាដា ចង់ឲ្យកម្ពុជាធ្វើការចុះហត្ថលេខា ឲ្យបានឆាប់រហ័សក្នុងការការពារអ្នកវិនិយោគទុនរបស់កាណាដានៅកម្ពុជា តែយ៉ាងណាក្តីភាគីកម្ពុជាអះអាងថា ខ្លួនកំពុងតែធ្វើសេចក្តីព្រាងច្បាប់នេះហើយ ហើយរំពឹងថានឹងសម្រេចបាននាពេលឆាប់ៗផងដែរ។

លោក ជុំ សន្ទរី បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនោះភាគីកម្ពុជា និងកាណាដា ក៏បានសន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នាឲ្យកាន់តែល្អប្រសើបន្ថែមទៀតផងដែរ ជាពិសេស គឺសេដ្ឋកិច្ច និងពាណិជ្ជកម្មតែម្តង ខណៈកាលពីឆ្នាំ២០១៥កន្លងទៅទំហំពាណិជ្ជកម្មរវាងកម្ពុជានិងកាណាដា មានត្រឹមតែជាង៨០០លានដុល្លារអាមេរិកនោះ។

បើតាមអ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនោះលោក សេ្ទហ្វិន ដូយ៉ុន ក៏បានសន្យាថានឹងជួយដល់ប្រទេសកម្ពុជាបន្តទៀតជាពិសេសលើផ្នែកកសិកម្ម វិស័យដោះមីន និងវិស័យមួយចំនួនទៀតតែយ៉ាងណាក្តីលោកមិនបានបញ្ជាក់ថាជំនួយនោះ មានទឹកប្រាក់ប៉ុន្មាននោះឡើយ ហើយមិនតែប៉ុណ្ណោះលោក ដូយ៉ុនរំពឹងថាទំនាក់ទំនងរវាងកម្ពុជា និងកាណាដាកាន់តែគៀកគ្នាបន្ថែមទៀតដើម្បីផលប្រយោជន៍របស់ប្រជាជននិងប្រទេសទាំងពីរនោះ។

សូមរំលឹកថា ប្រទេសកាណាដាបានផ្តល់ជំនួយឥតសំណងដល់កម្ពុជា ជាច្រើនផងដែរ តែត្រូវបានផ្អាក់ជាបណ្តោះអាសន្ន កាលពីឆ្នាំ២០១២កន្លងទៅតែយ៉ាងណាក្តីនៅក្នុងដំណើទស្សនកិច្ចរបស់លោក ស្ទេហ្វិន ដូនយ៉ុននាពេលនេះ គឺដើម្បីពិភាក្សាគ្នា អំពីការបន្តជួយរបស់កាណាដាមកកម្ពុជាឡើងវិញ ប៉ុន្តែ យ៉ាងណាក៏ដោយគេមិនទាន់បញ្ជាក់ថា កាណាដានឹងត្រូវជួយឡើងវិញនេះនៅទំហំទឹកប្រាក់ប៉ុន្មាននោះឡើយ ហើយក៏មិនទាន់ដឹងថាលើវិស័យអ្វីខ្លះនោះដែរ៕