ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ព្រៃកប្បាស​ផ្សព្វផ្សាយ យន្ដការ និង​នីតិវិធី នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦

350

ភ្នំពេញ៖ ឯកឧត្តម យឹមណុលឡា សហប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយព្រៃកប្បាស បានដឹកនាំសមាជិក សមាជិកាក្រុមការងារចុះផ្សព្វផ្សាយពី យន្ដការ និង នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ថ្មី ឆ្នាំ២០១៦ ដែលបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ គ ជ ប នឹងយកទៅប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និង បោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនាឆ្នាំ២០១៨។ ការផ្សព្វផ្សាយនេះបានធ្វើឡើងនា រសៀលថ្ងៃទី៣១ខែសីហា ដោយមានបេក្ខជនក្រុមប្រឹក្សាឃុំ ឈរឈ្មោះបោះឆ្នោត ភ្នាក់ងារ សង្កេតការ ចុះឈ្មោះបោះឆ្នោត ដែលមានសមាជិសមាជិកាសរុបប្រមាណ ជិត៥០០នាក់នៅស្នាក់ការគណបក្សស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោក ឈាវ ហ៊រ ប្រធានគណៈកម្មាធិការ បក្ស ស្រុកព្រៃកប្បាស បានធ្វើបទបង្ហាញពីយន្ដការនិងនីតិវិធី នៃការចុះឈ្មោះបោះឆ្នោត ដែលពាក់ព័ន្ធទៅនឹងរចនាសម្ព័ន្ធប្រតិបត្តិការ បែបបទនីតិវិធី ក្នុងការចុះឈ្មោះបោះឆ្នោត ការប្ដឹងតវ៉ា ការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង ក្រុមចុះឈ្មោះបោះឆ្នោតពិសេស និង បញ្ជីឈ្មោះបោះឆ្នោតផ្លូវការ។

ក្នុងឱកាសនោះ ឯកឧត្តម យឹមណុលឡាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នៅព្រះរាជាណាចក្រកម្ពុជា ការបោះឆ្នោតគឺជាសិទ្ធរបស់ពលរដ្ឋ ប៉ុន្ដែដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាចាំបាច់ ហើយដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺត្រូវទៅចុះឈ្មោះបោះឆ្នោត ដោយ ភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ តាមកាលបរិច្ឆេទ និងនៅទីកន្លែង ក្នុងមូលដ្ឋានរបស់ខ្លួន ដែល គ ជ ប បានកំណត់17D4។

ឯកឧត្តមបានណែនាំដល់ មន្ដ្រីបក្សថ្នាក់មូលដ្ឋាន ត្រូវជួយជ្រំជ្រែង ដឹកនាំនិងអញ្ជើញ សមាជិសមា ជិកានិងអ្នកគាំទ្រទាំងអស់ឲ្យទៅចុះឈ្មោះបោះឆ្នោត ។ក្នុងករណីអ្នកមិនទាន់មានអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ ឬ បាត់ ត្រូវជម្រុញ គាំទ្រ ឲ្យគាត់ទៅបំពេញបែបបទ ស្នើសុំឯកសារ បញ្ជាក់សញ្ញាណសម្រាប់ការចុះឈ្មោះ ឲ្យបានត្រឹមត្រូវ និង ឲ្យបានទាន់ពេលវេលា ។ ត្រូវស្គាល់ទីតាំងការិយាល័យបោះឆ្នោត ក្នុងមូលដ្ឋានឲ្យបានច្បាស់ ដើម្បីផ្សព្វផ្សាយជាមុនដល់សមាជិកសមាជិកានិងអ្នកគាំទ្រ ហើយជម្រុញពួកគាត់ ឲ្យទៅចុះឈ្មោះ ឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តមបានផ្ដាំផ្ញើដល់មន្ដ្រីថ្នាក់មូលដ្ឋានទាំងអស់ ត្រូវបន្ដអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់រាល់ អំពើ លួច ឆក់ ប្លន់ និងល្បែងស៊ីសងគ្រប់ប្រភេទ និសកម្មភាពគ្រឿងញៀន ជាពិសេសសន្ដិសុខសណ្ដាប់ធ្នាប់ ឲ្យបានល្អក្នុងឱកាសចុះឈ្មោះបោះឆ្នោតនេះ។ ជាមួយនេះត្រូវរក្សានិងពង្រឹង សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រោះសាមគ្គីគឺជាកម្លាំងរឹងមាំ នាំមកនូវជ័យជំនះ៕